អ្នកមានបំផុតនៅអាស៊ី ជូនគ្រឿង​អលង្ការ​មាសជាអំណោយដល់គូស្នេហ៍ក្រីក្រជាង ៥០គ្រួសារ

អន្តរជាតិ

មហាសេដ្ឋីមានបំផុតនៅអាស៊ី លោក Mukesh Ambani បានផ្តល់អំណោយជាចិញ្ចៀនមាស ខ្សែកមាស និងមូលប្បទានប័ត្រ ដល់គូស្នេហ៍ក្រីក្រចំនួន ៥២គ្រួសារ នៅក្នុងប្រទេសឥណ្ឌា ដើម្បីជាការអបអរដល់ពិធីមង្គលការកូនប្រុសពៅរបស់ខ្លួន គឺ Anant Ambani ដែលនឹងត្រូវធ្វើឡើងនាពេលឆាប់ៗខាងមុខ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ពិធីផ្តល់អំណោយនេះ ត្រូវបានរៀបចំធ្វើឡើង នៅឧទ្យាន Reliance Corporate Park ក្នុងទីក្រុង Thane ខណ:គូស្វាមីភរិយានីមួយៗ ទទួលបានគ្រឿងអលង្ការធ្វើពីមាស រួមមានខ្សែក ចិញ្ចៀនអាពាហ៍ពិពាហ៍ និងចិញ្ចៀនពាក់លើច្រមុះជាដើម។

លោក Mukesh ក៏បានផ្តល់ជូននូវមូលប្បទានប័ត្រចំនួន ១លានរូពី ឬស្មើនឹង ១ ៥០០ដុល្លារ ជាថ្លៃបណ្ណាការដល់កូនក្រមុំ។ ក្រៅពីនោះ គូស្វាមីភរិយានីមួយៗ ក៏ទទួលបានជាគ្រឿងទេស និងរបស់របរប្រើប្រាស់ក្នុងផ្ទះ ដែលគ្រប់គ្រាន់សម្រាប់រយ:ពេលមួយឆ្នាំពេញ ផងដែរ។

ជម្រាបជូនផងដែរថា​ Mukesh Ambani នៅមួយរយ:ពេលចុងក្រោយនេះ តែងតែធ្វើរឿង​សប្បុរស​ធម៌​ជាច្រើន ដើម្បីជាការអបអរដល់ពិធីមង្គលការកូនប្រុសពៅរបស់លោក ឈ្មោះ Anant Ambani ដែលនឹងគ្រោងធ្វើឡើងនៅថ្ងៃទី១២ ដល់ទី១៤ ខែកក្កដា ខាងមុខ៕