មនុស្សគ្រប់គ្នាប្រាកដជាស្គាល់ស្ថាបនិកក្រុមហ៊ុន Meta លោក Mark Zuckerberg ដែលជាអ្នកជំនាញខាងបច្ចេកវិទ្យា និងក៏ជាសហគ្រិនដ៏ល្បីឈ្មោះបំផុតមួយរបស់ពិភពលោក។ មហាសេដ្ឋីរូបនេះ បានរៀបការជាមួយលោកស្រី Priscilla Chan ដោយបច្ចុប្បន្នអ្នកពីរមានកូនស្រីជាចំណងដៃចំនួនបីរូបផងដែរ។ តើលោកស្រី Priscilla Chan ដែលជាអ្នកនៅពីក្រោយនៃភាពជោគជ័យរបស់កំពូលមហាសេដ្ឋី Mark Zuckerberg មានប្រវត្តិបែបណា?

លោកស្រី Priscilla Chan កើតនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ១៩៨៥ ក្នុងគ្រួសារជាជនអន្តោប្រវេសន៍ចិន-វៀតណាម ដោយបានផ្លាស់ទីលំនៅទៅរស់នៅលើទឹកដីសហរដ្ឋអាមេរិកក្នុងទសវត្សឆ្នាំ១៩៧០ ។ Priscilla ធំធាត់នៅទីក្រុង Braintree រដ្ឋ Massachusetts ក្នុងនាមជាក្មេងស្រីស្ងប់ស្ងាត់ម្នាក់ ដែលប្រឹងប្រែងតស៊ូ ឲ្យតម្លៃលើការរៀនសូត្រ និងបានចូលរៀននៅវិទ្យាល័យ Quincy ក្នុងរដ្ឋ Massachusetts ផងដែរ។

លុះមកដល់ឆ្នាំ២០០៣ លោកស្រីបានចូលសិក្សាលើជំនាញជីវវិទ្យា នៅសកលវិទ្យាល័យ Harvard ហើយបានបញ្ចប់ការសិក្សានៅឆ្នាំ២០០៧ ។ Priscilla បានចូលទៅធ្វើជាគ្រូបង្រៀនវិទ្យាសាស្ត្រថ្នាក់ទី៤ និងទី៥ នៅសាលាឯកជន Harker រយៈពេលមួយឆ្នាំ មុនពេលចូលរៀននៅសាលាវេជ្ជសាស្ត្រ នៃសកលវិទ្យាល័យកាលីហ្វ័រញ៉ា សាន់ហ្វ្រាន់ស៊ីស្កូ ក្នុងឆ្នាំ២០០៨ ព្រមទាំងបានរៀនបញ្ចប់វគ្គបណ្តុះបណ្តាលជំនាញផ្នែកជំងឺកុមារកាលពីក្នុងឆ្នាំ២០១៥ ។

រំលេចបន្តិចថា គូស្នេហ៍ទាំងពីរបានស្គាល់គ្នាអំឡុងចូលរួមពិធីជប់លៀងមួយ នាពេលដែលតម្រង់ជួរចូលទៅកាន់បន្ទប់ទឹក។ កាលនោះ លោកស្រី Chan បានចូលរៀនថ្នាក់បរិញ្ញាបត្រហើយ នៅឡើយតែលោក Mark ទើបតែចុះឈ្មោះចូលរៀនជំនាញវិទ្យាសាស្ត្រកុំព្យូទ័រ និងចិត្តវិទ្យា។ ក្រោយមកទៀត ពួកគេទាំងពីរបានចាប់ផ្តើមណាត់ជួបគ្នាជាបន្តបន្ទាប់ ហើយក៏បានរៀបការនៅឆ្នាំ២០១២ និងមានកូនស្រីចំនួនបីរូបរួមមាន Maxima, August និងកូនស្រីពៅ Aurelia ៕
