អាជ្ញាធរទេសចរណ៍នៃប្រទេសថៃ (TAT) បានកំណត់គោលដៅក្នុងការបង្កើនប្រាក់ចំណូលជាង ៧% ឬប្រមាណ ៩៣,៤ពាន់លានដុល្លារ ពីវិស័យទេសចរណ៍របស់ខ្លួន នៅក្នុងឆ្នាំ២០២៥ ខាងមុខ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Bangkok Post។
ក្នុងអំឡុងពេលនៃកិច្ចប្រជុំផែនការសកម្មភាពរបស់ TAT ឆ្នាំ២០២៥ អភិបាល TAT លោកស្រី Thapanee Kiatphaibool បានធ្វើការគូសបញ្ជាក់ពីមហិច្ឆតារបស់ថៃ ក្នុងការក្លាយជាប្រទេសទាំង១៤ ដែលមានភ្ញៀវទេសចរច្រើនជាងគេបំផុតនៅលើពិភពលោក នៅឆ្នាំក្រោយនេះ។
ជាមួយនឹងថវិការដែលបានត្រៀមទុកចំនួន ៦,២ពាន់លានបាត ឬប្រមាណ ១៧១លានដុល្លារ សម្រាប់ឆ្នាំ២០២៥ ទីភ្នាក់ងារនេះ បានដាក់គោលដៅបង្កើនប្រាក់ចំណូលពីវិស័យទេសចរណ៍ចន្លោះពី ៥% ទៅ ៧,៥% នៅឆ្នាំក្រោយ ជាមួយនឹងការមកដល់របស់ភ្ញៀវទេសចរបរទេស ដែលរំពឹងថានឹងកើនឡើងដល់ ៤០ លាននាក់ និងភ្ញៀវទេសចរក្នុងស្រុកអាចមានចំនួនដល់ ២២០ លាននាក់។
គួរឲ្យដឹងផងដែរថា ការចំណាយជាមធ្យមសម្រាប់ភ្ញៀវទេសចរបរទេសម្នាក់ ត្រូវបានគេប៉ាន់ប្រមាណថាមានចំនួនជាង ១ ៥៧០ដុល្លារ ខណៈភ្ញៀវទេសចរក្នុងស្រុកវិញអាចនឹងចំណាយយ៉ាងហោចណាស់ ១០០ដុល្លារ ក្នុងមួយដំណើរកម្សាន្ត៕