មហាសេដ្ឋីមានបំផុតនៅអាស៊ី លោក Mukesh Ambani ត្រូវបានគេរាយការណ៍ថា បានចំណាយលុយរហូតដល់ទៅ ១០លានដុល្លារ ជួលកំពូលតារាចម្រៀងសញ្ជាតិកាណាដា Justin Bieber មកច្រៀងក្នុងការប្រគុំតន្រ្តីលក្ខណ:ឯកជនមួយ ដើម្បីអបអរមុនពិធីមង្គលការកូនប្រុសពៅ Anant Ambani។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។
ការប្រគុំតន្ត្រីឯកជននេះ ត្រូវបានធ្វើឡើងនៅទីក្រុង Mumbai កាលពីល្ងាចថ្ងៃទី៥ ខែកក្កដា សម្រាប់ជាការជប់លៀងអបអរដល់ Anant Ambani និងគូដណ្តឹង Radhika ព្រមទាំងមានការចូលរួមពីមិត្តភក្តិជិតស្និទ្ធ និងក្រុមគ្រួសាររបស់ពួកគេ ផងដែរ។
បើយោងតាមសារព័ត៌មាន Straits Times បានបង្ហាញឲ្យដឹងថា Justin Bieber បានលើកយកបទចម្រៀងល្បីៗរបស់ខ្លួនជាច្រើន មកសម្តែងទៅកាន់ភ្ញៀវ VIP រាប់រយនាក់ នៅក្នុងការប្រគុំតន្ត្រីលក្ខណ:ឯកជនដ៏ធំនេះ។
ទន្ទឹមនឹងនេះ ប្រព័ន្ធផ្សព្វផ្សាយរបស់ឥណ្ឌា បានរាយការណ៍ផងដែរថា Justin Bieber បានចំណាយពេលខ្លីប៉ុណ្ណោះក្នុងដំណើរមកកាន់ប្រទេសឥណ្ឌានេះ ដោយក្រោយពីសម្តែងរួច រូបគេបានវិលត្រលប់ទៅកាន់ផ្ទះនៅអាមេរិកវិញភ្លាមៗ ដើម្បីបានជួបជាមួយភរិយា Hailey Bieber ដែលកំពុងពពោះកូនដំបូង។
នេះមិនមែនជារឿងថ្មីនោះឡើយ ដែលមហាសេដ្ឋីកំពូលឥណ្ឌា បានចំណាយលុយច្រើនសន្ធឹកសន្ធាប់ ដើម្បីប្រារព្ធពិធីធំៗជាច្រើន ដោយគូស្នេហ៍មួយគូនេះ បានរៀបចំពិធី Pre-Wedding យ៉ាងប្រណីតបំផុតចំនួនពីរលើករួចមកហើយ ដោយមួយនៅក្នុងប្រទេសឥណ្ឌា កាលក្នុងខែមីនា និងមួយទៀតនៅលើនាវាទេសចរណ៍ដែលធ្វើដំណើរពីប្រទេសអ៊ីតាលី ទៅកាន់ភាគខាងត្បូងនៃប្រទេសបារាំង កាលនៅចុងខែឧសភា។
ជម្រាបជូនផងដែរថា ពិធីមង្គលការដ៏ធំរវាង Anant Ambani និង Radhika Merchant ត្រូវបានកំណត់រៀបចំធ្វើឡើងចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែកក្កដា ខាងមុខនេះ៕