ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុលោក Pichai Chunhavajira បាននិយាយនៅថ្ងៃទី១០ ខែកក្កដាថា សេដ្ឋកិច្ចរបស់ប្រទេសថៃមិនមានភាពល្អប្រសើរអស់រយៈពេលជាយូរមកហើយ ដោយកំណើនសេដ្ឋកិច្ចកាន់តែយ៉ាប់យ៉ឺនទៅៗ ខណៈបញ្ហាប្រឈមចេះតែកើតឡើង។ នេះបើយោងតាមការចុះផ្សាយពីកាសែត Bangkok Post ។

លោក Pichai បានប្រាប់សិក្ខាសាលាធុរកិច្ចមួយថា រដ្ឋាភិបាលកំពុងធ្វើការដើម្បីលើកកម្ពស់កំណើនសេដ្ឋកិច្ចឲ្យបានដល់ចំនួន៣% នៅឆ្នាំនេះ ពីការព្យាករណ៍កំណើនត្រឹមចំនួន២,៥% ។ ក្នុងនោះ វិស័យទេសចរណ៍នឹងជួយជំរុញសេដ្ឋកិច្ចបានមួយផ្នែកធំ ដោយរំពឹងថាការមកដល់របស់ភ្ញៀវទេសចរបរទេសនៅឆ្នាំ២០២៤ នឹងមានចំនួនយ៉ាងហោចណាស់ ៣៥លាននាក់។

មួយវិញទៀត លោកក៏បានលើកឡើងអំពីបំណុលគ្រួសារផងដែរ ដោយថាបំណុលគ្រួសារនាពេលបច្ចុប្បន្ន មានចំនួនលើសពី៩០% នៃផលិតផលក្នុងស្រុកសរុប (GDP) ដែលបញ្ហាដូច្នេះ ចាំបាច់ណាស់ត្រូវដោះស្រាយជាបន្ទាន់។ លោករដ្ខមន្ត្រីសង្ឃឹមថា ធនាគារកណ្តាលថៃ (BoT) នឹងបន្ធូរបន្ថយបទបញ្ញត្តិកម្ចី ចំពោះការទិញផ្ទះ ដើម្បីជាកិច្ចគាំទ្រដល់វិស័យអចលនទ្រព្យផងដែរ។

សូមជម្រាបជូនថា នៅរយៈពេលមួយទសវត្សកន្លងមក កំណើនសេដ្ឋកិច្ចរបស់ថៃជាមធ្យមមានចំនួន១,៧៣% ខណៈកាលពីឆ្នាំមុន កើនពីមួយឆ្នាំទៅមួយឆ្នាំត្រឹម១,៩% ប៉ុណ្ណោះ ដោយហេតុថាប្រទេសកំពុងប្រឈមនឹងបញ្ហាសំខាន់ៗជាច្រើន តួយ៉ាងការនាំចេញខ្សោយ បំណុលគ្រួសារខ្ពស់ និងថ្លៃកម្ចីក៏មានអត្រាខ្ពស់ជាដើម៕
