ការផ្ទេរមរតកតដល់កូនចៅជំនាន់ក្រោយ គឺជារឿងធម្មតាសម្រាប់គ្រួសារមហាសេដ្ឋី ពោលវាកើតមានឡើងជាយូរណាស់មកហើយ តួយ៉ាងមហាសេដ្ឋីមានបំផុតនៅអាស៊ី Mukesh Ambani គឺជាកូនចៅស្នងមរតកពីឪពុក និងជាអ្នកស្នងមរតកមានលុយច្រើនបំផុតលើលោកថែមទៀត។

យោងតាមការចុះផ្សាយពីសារព័ត៌មាន VNExpress បានបង្ហាញថា កំពូលអ្នកមាននៅអាស៊ី Mukesh Ambani បានទទួលមរតកពីឪពុក Dhirubhai Ambani ដែលទទួលអនិច្ចកម្មកាលពីឆ្នាំ២០០២ និងបានបន្សល់ទុកនូវក្រុមហ៊ុនខ្នាតយក្សមួយ ដែលក្រោយមកបានប្ដូរឈ្មោះទៅជាក្រុមហ៊ុន Reliance Industries ហើយបច្ចុប្បន្នជាក្រុមហ៊ុនឯកជនធំបំផុតនៅឥណ្ឌា ខណៈលោក Ambani មានទ្រព្យសម្បត្តិជិត ១២៣ពាន់លានដុល្លារ។

ទាយាទស្នងមរតកមានបំផុតទី២ គឺអ្នកស្រី Francois Bettencourt Meyers ជាចៅស្រីបង្កើតរបស់ស្ថាបនិកក្រុមហ៊ុន L’Oréal និងទទួលបានមរតកពីម្ដាយរបស់លោកស្រី ដែលទទួលអនិច្ចកម្មកាលពីឆ្នាំ២០១៧ និងបានបន្សល់ទុកតំណែងជាអនុប្រធានក្រុមហ៊ុន និងភាគហ៊ុន ៣៣% ខណៈទ្រព្យសម្បត្តិរបស់លោកស្រីគឺប្រមាណ ៨៩ពាន់លានដុល្លារ។

ចំណែកឯបងប្អូនត្រកូល Walton ទាំង ៣រូប គឺជាអ្នកស្នងមរតកមានបំផុតលើលោក ដោយពួកគេទទួលបានមរតកពីឪពុក Sam Walton ដែលទទួលអនិច្ចកម្មកាលពីឆ្នាំ១៩៩២ និងបានបែងចែកទ្រព្យសម្បត្តិឲ្យកូនៗស្មើៗគ្នា។

ក្នុងនោះលោក Rob Walton ជាបងប្រុស មានទ្រព្យសម្បត្តិប្រហែល ៨៧ពាន់លានដុល្លារ ខណៈលោក Jim Walton ជាប្អូនប្រុស មានទ្រព្យសម្បត្តិប្រហែល ៨៨ពាន់លានដុល្លារ ស្របពេលអ្នកស្រី Alice Walton មានទ្រព្យសម្បត្តិប្រហែល ៨២ពាន់លានដុល្លារ៕
