វិនិយោគិនហិរញ្ញវត្ថុល្បីៗឈ្មោះទាំង៧ រូប ធ្លាប់ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារ

អន្តរជាតិ

កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ ស្ថាបនិករបស់ក្រុមហ៊ុន​ Archegos Capital Management លោក Bill Hwang ត្រូវបានតុលាការទីក្រុងញូវយ៉កសម្រេចកាត់ទោសឲ្យជាប់ពន្ធនាគាររយ:ពេល ២០ឆ្នាំ ពីបទក្លែងបន្លំ និងការចោទប្រកាន់លើករណីផ្សេងៗមួយចំនួនទៀត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រៅតែពីលោក Bill Hwang យោងតាមសារព័ត៌មាន The Straitstimes ក៏បានបង្ហាញឈ្មោះវិនិយោគិនហិរញ្ញវត្ថុល្បីៗមួយចំនួនផ្សេងទៀត ក៏ធ្លាប់ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារ ក្នុងករណីស្រដៀងគ្នានេះ ផងដែរ។

លោក Bernard Madoff



លោក Madoff បានសារភាពកំហុសក្នុងឆ្នាំ២០០៩ សម្រាប់ការចូលរួមដោយសំងាត់ក្នុងការក្លែងបន្លំ ទៅលើដំណើរការគម្រោង Ponzi ដ៏ល្បីល្បាញបំផុតក្នុងប្រវត្តិសាស្ត្រដែលត្រូវបានគេប៉ាន់ស្មានថាមានតម្លៃរហូតដល់ទៅ ៦៤,៨ពាន់លានដុល្លារ។

លោក Madoff បានទទួលមរណភាពនៅក្នុងវ័យ ៨២ឆ្នាំ ក្នុងឆ្នាំ២០២១ ខណៈដែលលោកកំពុងស្ថិតក្នុងពន្ធនាគារ ក្រោយតុលារការកាត់ទោសឲ្យលោកជាប់ពន្ធនាគាររយៈពេល ១៥០ឆ្នាំ។

លោក Sam Bankman-Fried

ស្ថាបនិកក្រុមហ៊ុន FTX លោក Bankman-Fried ត្រូវបានតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារ ២៥ឆ្នាំ កាលពីខែមីនា ពីបទលួចបន្លំលុយ ៨ពាន់លានដុល្លារ ពីអតិថិជនដែលប្រើប្រាស់សេវាកម្មគ្រីបតូ របស់ខ្លួន។ មុនពេលពេលជាប់ទោស ទ្រព្យសម្បត្តិសរុបរបស់ Bankman-Fried ត្រូវបានគេប៉ាន់ប្រមាណថាមានចំនួនជាង ២៦ពាន់លានដុល្លារ។

លោក Jordan Belfort



Belfort បានរស់នៅក្នុងជីវិតដ៏ស៊ីវិល័យបំផុត មុនពេលលោកត្រូវបានចាប់ខ្លួនពីបទបោកប្រាស់ក្រុមអ្នកវិនិយោគ ក្នុងចំនួនទឹកប្រាក់ដល់ទៅ ២០០លានដុល្លារ តាមរយៈក្រុមហ៊ុនបណ្តាក់ទុន Stratton Oakmont របស់ខ្លួន។ លោក Belfort ​បាន​សារភាព​កំហុស​ចំពោះ​ការ​ក្លែង​បន្លំ​មូលបត្រ និង​លាង​លុយ​កខ្វក់ ​ក្នុង​ឆ្នាំ​១៩៩៩ ហើយ​ត្រូវបានតុលាការកាត់ទោសឲ្យ​ជាប់​ពន្ធនាគារ ​រយៈពេល ២២ខែ។

បើតាមទស្សនាវដ្តី Forbes បានរាយការណ៍ទ្រព្យសម្បត្តិសរុបរបស់លោក Jordan Belfort មានចំនួនប្រហែល ១០០លានដុល្លារ។

លោក Ivan Boesky



លោក Boesky បានចំណាយពេលជិត ២ឆ្នាំនៅក្នុងពន្ធនាគារ ក្រោយត្រូវបានចោទប្រកាន់ក្នុងរឿងអាស្រូវជួញដូរភាគហ៊ុនខុសច្បាប់ដ៏ធំមួយ ក្នុងទសវត្សរ៍ឆ្នាំ១៩៨០។ មុនពេលជាប់ទោស ទ្រព្យសម្បត្តិរបស់លោក Boesky ត្រូវបានគេប៉ាន់ស្មានថាមានចំនួន ២៨០លានដុល្លារ។

លោក Michael Milken

លោក Milkenត្រូវបានគេស្គាល់ថាជាស្តេចនៃមូលបត្របំណុល។ លោកត្រូវបានតុលាការកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ១០ឆ្នាំ បន្ទាប់ពីបានសារភាពថាមានកំហុសចំពោះការក្លែងបន្លំលើមូលបត្រ ក្នុងឆ្នាំ១៩៩០។

ក្រោយរួចទោស ក្នុងឆ្នាំ១៩៩១ លោក Milken បានបង្កើតវិទ្យាស្ថានមួយដែលមិនស្វែងរកប្រាក់ចំណេញ ដោយផ្តោតលើការស្រាវជ្រាវ រួមទាំងជំងឺមហារីក សុខភាពសាធារណៈ និងភាពចាស់។ បច្ចុប្បន្នទ្រព្យសម្បត្តិសរុបរបស់លោក Milken ចំនួនប្រមាណ ៦,៥ពាន់លានដុល្លារ។

លោក Raj Rajaratnam

លោក Rajaratnam ស្ថាបនិកក្រុមហ៊ុន Galleon Group ដែលមានមូលដ្ឋាននៅទីក្រុងញូវយ៉ក ត្រូវបានតុលាការកាត់ទោសឲ្យជាប់ពន្ធនាគាររយ:ពេល ៨ឆ្នាំ ពីបទក្លែងបន្លំ និងការសមគំនិត អំឡុងការបង្ក្រាបទ្រង់ទ្រាយធំរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកលើការជួញដូរភាគហ៊ុនខុសច្បាប់ ក្នុងឆ្នាំ២០១១។

ព្រះរាជអាជ្ញាបាននិយាយថា លោក Rajaratnam អាចរកបានរហូតដល់ជាង ៦៣លានដុល្លារ នៅក្នុងប្រាក់ចំណេញខុសច្បាប់ចន្លោះពីឆ្នាំ២០០៣ ដល់ឆ្នាំ២០០៩ តាមរយ:ការជួញដូរហ៊ុនខុសច្បាប់នោះ។ នៅពេលកាត់ទោស ទ្រព្យសម្បត្តិសរុបរបស់លោក Rajaratnam ត្រូវបានគេប៉ាន់ប្រមាណថាមានចំនួនជាង ១ពាន់លានដុល្លារ៕