ចាប់ពីដើមឆ្នាំក្រោយ សិង្ហបុរី ចេញវិធានការបញ្ឈប់ការប្រើប្រាស់រថយន្តដើរដោយថាមពលម៉ាស៊ូត

អន្តរជាតិ

ប្រទេសសិង្ហបុរី នឹងលែងចុះបញ្ជីលើរថយន្ត និងតាក់ស៊ីដែលប្រើប្រាស់ម៉ាស៊ូតទៀតឡើយ ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ តទៅ ដើម្បីស្របតាមគោលដៅរបស់ខ្លួន ក្នុងការឈានដល់ការប្រើប្រាស់យានយន្តប្រកបដោយ​និរន្តរភាព​។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជុំវិញផែនការដើម្បីលុបបំបាត់យានយន្តដែលបំពុលបរិស្ថាននេះ ត្រូវបានប្រកាសឡើងនៅក្នុងសភា អំឡុងពេលកិច្ចពិភាក្សាស្តីពីផែនការនិរន្តរភាពបរិស្ថាន របស់រដ្ឋាភិបាល កាលពីក្នុងខែមីនា ឆ្នាំ២០២១ មកម្លេះ ។

ទន្ទឹមនឹងនេះ អាជ្ញាធរដឹកជញ្ជូនផ្លូវគោករបស់សិង្ហបុរី (LTA) ក៏បានប្រកាសផងដែរថា ចំពោះម្ចាស់រថយន្តម៉ាស៊ូតដែលបានចុះបញ្ជីនៅមុនថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ នៅតែអាចបន្តប័ណ្ណកម្មសិទ្ធិបាន ប៉ុន្តែពួកគេនឹងត្រូវប្រឈមមុខជាមួយការកើនឡើងនៃការបង់ពន្ធផ្លូវ ដែលនេះជាផ្នែកមួយនៃផែនការដើម្បីទប់ស្កាត់មិនឲ្យមានការចុះបញ្ជីចំពោះរថយន្តប្រភេទម៉ាស៊ូតកាន់តែច្រើនបន្តទៀត។

LTA បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃនេះថា ៖”ជាមួយនឹងជម្រើសនៃការប្រើប្រាស់រថយន្តដើរដោយថាមពលស្អាតយ៉ាងទូលំទូលាយក្នុងពេលបច្ចុប្បន្ននេះ បានធ្វើឲ្យសមាមាត្រនៃការប្រប្រាស់រថយន្តម៉ាស៊ូត និងការចុះបញ្ជីតាក់ស៊ីថ្មី ធ្លាក់ចុះទាបជាង ១% ចាប់តាំងពីឆ្នាំ២០២១ មក”។

ទោះជាយ៉ាងណាក៏ដោយ LTA ក៏បាននិយាយផងដែរថាការរឹតបន្តឹងលើការចុះបញ្ជីរថយន្តប្រើប្រេងម៉ាស៊ូតថ្មីនេះ នឹងមិនអនុវត្តចំពោះការនាំចូល និងការចុះបញ្ជីរថយន្តក្រោម​ផែនការ​រថយន្តប្រភេទបុរាណ និងយានជំនិះដែលមានវ័យចំណាស់នោះឡើយ។

ជម្រាបជូនផងដែរថា គិតត្រឹមខែឧសភាឆ្នាំនេះ មានប្រហែលតែ ១៧% ប៉ុណ្ណោះ នៃយានជំនិះទាំងអស់នៅក្នុងប្រទេសសិង្ហបុរីដែលដំណើរការដោយប្រេងម៉ាស៊ូត៕