យោងតាមសេវាស្ថិតិជាតិអ៊ុយក្រែន បានរាយការណ៍ឲ្យដឹងថា កម្រិតអតិផរណារបស់អ៊ុយក្រែន បានកើនឡើងដល់ ៤,៨% គិតនៅត្រឹមខែមិថុនា ដោយសារតែការហក់ឡើងខ្លាំងនៃតម្លៃអគ្គិសនីប្រើប្រាស់។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។
ប្រភពខាងលើបានឲ្យដឹងទៀតថា តម្លៃអគ្គិសនីបានកើនឡើង ៦៣,៦% នៅក្នុងខែមិថុនា បន្ទាប់ពីរដ្ឋាភិបាលអ៊ុយក្រែន បានបង្ខំចិត្តដំឡើងថ្លៃអគ្គិសនីរបស់ខ្លួន ដោយសារតែប្រភពផ្គត់ផ្គង់ថាមពលជាច្រើន ត្រូវរងការបំផ្លាញយ៉ាងធ្ងន់ធ្ងរ ដោយការទម្លាក់គ្រប់បែករបស់រុស្ស៊ី។
មន្ត្រីអ៊ុយក្រែន បាននិយាយទៀតថា ចាប់តាំងពីខែមីនាមក កងកម្លាំងរុស្ស៊ីបានបង្កើនការវាយប្រហារដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើក ទៅលើហេដ្ឋារចនាសម្ព័ន្ធថាមពលសំខាន់ៗរបស់ខ្លួន ដែលភាគជាច្រើនជារោងចក្រថាមពលកំដៅពីផែនដី និងវារីអគ្គិសនី។
ទន្ទឹមនឹងនេះ ដោយសារអាជីវកម្មជាច្រើនបានប្រើម៉ាស៊ីនភ្លើងដើម្បីផលិតថាមពលអគ្គិសនី ដូច្នេះហើយវាក៏ធ្វើឲ្យតម្លៃប្រេងឥន្ធនៈ ក៏បានកើនឡើងខ្លាំងផងដែរ។ តាមទិន្នន័យបានបង្ហាញថាតម្លៃប្រេងឥន្ធនៈ នៅអ៊ុយក្រែន បានកើនឡើង ២៥,៥% នៅក្នុងខែមិថុនា បើធៀបទៅនឹងពេលដូចគ្នាកាលពីឆ្នាំមុន។
ជម្រាបជូនថា ធនាគារកណ្តាលរបស់អ៊ុយក្រែន បានព្យាករថាកម្រិតអតិផរណា អាចនឹងកើនឡើងដល់ ៨,២% ក្នុងឆ្នាំ២០២៤ នេះ បើធៀបទៅនឹងកម្រិតអតិផរណា ៥,១% កាលពីឆ្នាំមុន៕