រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នឹងបញ្ចេញកញ្ចប់ទឹកប្រាក់ប្រហែល ១,៧ពាន់លានដុល្លារ ដើម្បីលើកកម្ពស់ដល់ឧស្សាហកម្មរថយន្តអគ្គិសនី ដែលផលិតដោយក្រុមហ៊ុន General Motors, Fiat Chrysler និងក្រុមហ៊ុន Volvo ក្នុងរដ្ឋចំនួន ៨។

យោងតាមការចុះផ្សាយពីសារព័ត៌មាន VNExpress បានបង្ហាញថា រោងចក្ររថយន្តអគ្គិសនី ដែលនឹងទទួលបានកញ្ចប់ជំនួយនោះ គឺមានទីតាំងនៅក្នុងរដ្ឋ Michigan, Pennsylvania, Georgia, Ohio, Illinois, Indiana, Maryland និងរដ្ឋ Virginia។
កញ្ចប់ជំនួយនេះផងដែរ នឹងគ្របដណ្តប់លើខ្សែសង្វាក់ផ្គត់ផ្គង់រថយន្តយ៉ាងទូលំទូលាយ រួមទាំងគ្រឿងបន្លាស់សម្រាប់ម៉ូតូអគ្គិសនី រថយន្តក្រុង រថភ្លើងកូនកាត់ អាគុយរថយន្តដឹកទំនិញធុនធ្ងន់ និងរថយន្ត SUV អគ្គិសនីជាដើម។
សូមជម្រាបដែរថា គិតទាំងកញ្ចប់ជំនួយសារនេះ រដ្ឋបាលលោក ចូ បៃដិន បានចាយលុយប្រហែល ១៧៧ពាន់លានដុល្លារ លើវិស័យឯកជន និងការបណ្ដាក់ទុនលើការផលិតរថយន្តអគ្គិសនី និងអាគុយរថយន្តអគ្គិសនី រយៈពេលជាង ៣ឆ្នាំមកនេះ៕