សង្គ្រាមរវាងប្រទេសរុស្ស៊ី និងអ៊ុយក្រែន បានផ្ទុះកាលពីខែកុម្ភៈ ឆ្នាំ២០២២ ហើយមកទល់ពេលនេះ ភ្លើងសង្គ្រាមនៅតែបន្តឆាបឆេះ ខណៈកងកម្លាំងរុស្ស៊ីក៏មានការកើនឡើងជាលំដាប់ផងដែរ។

យោងតាមការចុះផ្សាយពីសារព័ត៌មាន RT បានបង្ហាញថា តាំងពីបើកទំព័រឆ្នាំ២០២៤ រុស្ស៊ីបានប្រមូលកងទ័ពថ្មីៗរហូតដល់ជិត ២០០ ០០០នាក់ ដែលនេះមានន័យថា ក្នុងមួយថ្ងៃ រុស្ស៊ីកែនទ័ពជាមធ្យមដល់ទៅ ១០០០នាក់។
បន្ថែមពីនោះ ក្រសួងការពារជាតិរុស្ស៊ីក៏បានបង្ហើបដែរថា បច្ចុប្បន្នកងកម្លាំងរុស្ស៊ី ដែលកំពុងឈរជើងនៅក្នុងតំបន់សង្គ្រាម ជាមួយអ៊ុយក្រែន គឺមានប្រហែល ៧០០ ០០០នាក់។
គួររំលឹកបន្តិចថា កាលពីប៉ុន្មានខែមុន ប្រទេសអ៊ុយក្រែន និងសម្ព័ន្ធមិត្តបានបង្ហើបប្រាប់ថា រុស្ស៊ីកំពុងត្រៀមធ្វើការវាយប្រហារទ្រង់ទ្រាយធំជាលើកទី២ ខណៈរដ្ឋាភិបាលក្រុងមូស្គូកំពុងប្រកាស ប្រមូលកងទ័ពបន្ថែមប្រហែល ៣០០ ០០០នាក់ទៀត៕