ក្រុមហ៊ុនរបស់មហាសេដ្ឋីឥណ្ឌា Gautam Adani គឺក្រុមហ៊ុន Adani Ports មានគម្រោងបង្កើនការវិនិយោគរបស់ខ្លួនដល់ទៅ ១០០ពាន់លានរូពី ឬប្រហែល ១,២ពាន់លានដុល្លារ ដើម្បីសាងសង់កំពង់ផែដឹកជញ្ជូន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Bloomberg។

ការវិនិយោគលើកនេះ គឺស្ថិតនៅក្នុងផែនការសាងសង់ដំណាក់កាលទី២ នៃគ្រោងការណ៍កំពង់ផែ Vizhinjam ដែលគ្រោងនឹងបញ្ចប់ការសាងសង់នៅក្នុងឆ្នាំ២០២៨ ខាងមុខ បន្ទាប់ពីត្រូវបានផ្អាកមួយរយៈធំ ដោយសារមានការតវ៉ាពីប្រជាជនក្នុងតំបន់។
កំពង់ផែមួយនេះ នឹងដើរតួជាសសៃឈាមសំខាន់នៃចរន្តសេដ្ឋកិច្ចនៃប្រទេសឥណ្ឌា និងក្រុមហ៊ុនរបស់មហាសេដ្ឋីរូបនេះ ដោយសារវានឹងក្លាយជាកំពង់ផែដឹកជញ្ជូនធំបំផុតមួយប្រចាំតំបន់អាស៊ី និងអាចប្រកួតប្រជែងជាមួយកំពង់ផែឌូបៃ សិង្ហបុរី និងស្រីលង្កាផងដែរ។
សូមជម្រាបដែរថា បច្ចុប្បន្នរដ្ឋាភិបាលឥណ្ឌា កំពុងព្យាយាមអូសទាញក្រុមហ៊ុននាវាដឹកជញ្ជូនធំៗ ដូចជា MSC Mediterranean Shipping និងក្រុមហ៊ុន Maersk ជាដើម ក្នុងការចូលមកប្រើប្រាស់កំពង់ផែ ដែលកំពុងសាងសង់មួយនេះ៕