ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បានច្រឡំមាត់ហៅប្រធានាធិបតីអ៊ុយក្រែន លោក Voldymyr Zelensky ថាជាប្រធានាធិបតី ពូទីន កាលពីអំឡុងកិច្ចប្រជុំដ៏ធំមួយកាលពីថ្ងៃព្រហស្បតិ៍ មុនពេលព្យាយាមកែតម្រូវវិញយ៉ាងឆាប់រហ័ស។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNN។
ការយល់ច្រឡំនេះ ត្រូវបានកើតឡើងអំឡុងពេលដែលលោក បៃដិន បានថ្លែងនៅឯកិច្ចប្រជុំកំពូលរបស់អង្គការណាតូ ក្នុងទីក្រុង Washington ដោយនិយាយថា៖ “ ឥឡូវនេះ ខ្ញុំចង់ប្រគល់ភារកិច្ចបន្តទៅឲ្យប្រធានាធិបតីអ៊ុយក្រែន ដែលមានភាពក្លាហានដូចអ្វីដែលគាត់មានការប្តេជ្ញាចិត្ត។ អស់លោក លោកស្រី នោះគឺប្រធានាធិបតី លោក ពូទីន”។
ប៉ុន្តែទោះជាយ៉ាងក៏ដោយ ភ្លាមៗនោះ លោក បៃដិន បានព្យាយាមកែតម្រូវវិញយ៉ាងឆាប់រហ័ស ដោយនិយាយបន្តថា ៖ “យើងនឹងទៅកម្ចាត់ប្រធានាធិបតី លោក ពូទីន។ ខ្ញុំផ្តោតយ៉ាងពេញទំហឹងលើការបំបាក់លោក ពូទីន”។
ជម្រាបជូនផងដែរថា ភាពច្របូកច្របល់នេះបានកើត បន្ទាប់ពីមានការរំពឹងទុកកាន់តែខ្លាំងឡើងជុំវិញយុទ្ធនាការបោះឆ្នោតរបស់លោក បៃដិន ក្រោយពីមានការជជែកដេញដោលទល់មុខជាមួយអតីតប្រធានាធិបតី លោក ដូណាល់ ត្រាំ។ បន្ថែមពីនោះ លោក បៃដិន ក៏បានប្រឈមមុខ ទៅនឹងការឆ្លើយសំណួរលើប្រធានបទជាច្រើន រួមទាំងកាយសម្បទារបស់លោក សម្រាប់ការដឹកនាំរយៈពេល ៤ឆ្នាំទៀតបានឬយ៉ាងណា៕