យោងតាមការសិក្សាស្រាវជ្រាវមួយដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ទី១១ ខែកក្កដាកន្លងទៅ បានបង្ហាញឲ្យដឹងថា ប្រទេសចិនកំពុងបង្កើនសមត្ថភាពផលិតថាមពលអគ្គិសនីពីខ្យល់ និងពន្លឺព្រះអាទិត្យ ស្ទើតែច្រើនជាងពីរដង នៃបណ្តាប្រទេសផ្សេងៗទៀតលើពិភពលោករួមបញ្ចូលគ្នា។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។
ប្រទេសដែលមានសេដ្ឋកិច្ចធំបំផុតទីពីររបស់ពិភពលោកមួយនេះ ត្រូវបានគេចាត់ទុកថាជាអ្នកបញ្ចេញឧស្ម័នពុលច្រើនជាងគេបំផុត ដែលជំរុញឲ្យមានការប្រែប្រួលអាកាសធាតុ។ ហេតុដូចនេះហើយ ទើបរដ្ឋាភិបាលចិន បានប្តេជ្ញាថានឹងសម្រេចគោលដៅបញ្ចេញឧស្ម័នកាបូនក្នុងកម្រិតទាបបំផុត នៅត្រឹមឆ្នាំ២០៣០ និងដល់កម្រិតសូន្យ នៅឆ្នាំ២០៦០។
ជាមួយនឹងផែនការផ្តោតលើថាមពលស្អាតនេះ បច្ចុប្បន្នប្រទេសចិន មានសមត្ថភាពផលិតអគ្គិសនីពីប្រភពកកើតឡើងវិញសរុបចំនួន ៣៣៩ ជីហ្គាវ៉ាត់ (GW) ដែលក្នុងនោះថាមពលពីកម្លាំងខ្យល់ចំនួន ១៥៩ GW និងថាមពលពីពន្លឺព្រះអាទិត្យចំនួន ១៨០ GW ។
ចំនួននេះ គឺច្រើនជាងជិតពីរដងច្រើននៃបណ្តាប្រទេសទាំងអស់លើពិភពលោករួមបញ្ចូលគ្នា។ នេះបើតាមការសិក្សារបស់ Global Energy Monitor ដែលជាអង្គការមិនមែនរដ្ឋាភិបាល មានមូលដ្ឋាននៅសហរដ្ឋអាមេរិក។
ប្រភពដដែលនេះ បានបង្ហាញឲ្យដឹងទៀតថា តួលេខនេះគឺច្រើនលើសលប់ បើប្រៀបធៀបទៅនឹងសហរដ្ឋអាមេរិកដែលជាប់ចំណាត់ថ្នាក់លេខពីរលើពិភពលោក កំពុងផលិតថាមពលពីខ្យល់ និងពន្លឺព្រះអាទិត្យ សរុបត្រឹមតែ ៤០ GW ប៉ុណ្ណោះ៕