ក្រុមហ៊ុនរថយន្តអគ្គិសនី VinFast របស់មហាសេដ្ឋីវៀតណាម Pham Nhat Vuong បានពន្យារពេលសាងសង់រោងចក្រ នៅសហរដ្ឋអាមេរិករហូតដល់ទៅ ៣ឆ្នាំ ពោលផែនការដំបូងគ្រោងបើកការដ្ឋានសាងសង់នៅក្នុងឆ្នាំ២០២៥ ប៉ុន្តែពន្យារដល់ឆ្នាំ២០២៨។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។
រោងចក្ររបស់ក្រុមហ៊ុន VinFast ដែលគ្រោងនឹងសាងសង់លើទឹកដីអាមេរិក គឺមានទីតាំងនៅក្នុងរដ្ឋ North Carolina ជាមួយកញ្ចប់ចំណាយប្រហែល ៤ពាន់លានដុល្លារ។
មូលហេតុដែលក្រុមហ៊ុន VinFast ប្រកាសផ្អាកការសាងសង់ភ្លាមៗ ដោយសារតែស្ថានភាពទីផ្សាររថយន្តអគ្គិសនី កំពុងមានភាពស្រពេចស្រពិល ស្របពេលក្រុមហ៊ុនកាត់បន្ថយផែនការនាំចេញរថយន្តពីចំនួន ១០ម៉ឺនគ្រឿង មកនៅត្រឹម ៨ម៉ឺនគ្រឿងប៉ុណ្ណោះនៅក្នុងឆ្នាំនេះ។
សូមជម្រាបដែរថា ក្រុមហ៊ុន VinFast នៅមិនទាន់អាចរកប្រាក់ចំណេញឃើញនៅឡើយទេ បន្ទាប់ពីខាតបង់លុយអស់ប្រហែល ៦១៨លានដុល្លារ នៅត្រីមាសដំបូង បើទោះជាមានរបាយការណ៍ថា ការលក់រថយន្តនៅត្រីមាសទី២ មានការកើនឡើងក្ដី៕