ប្រធានផ្នែកចារកម្មអ៊ុយក្រែន លោក Kyrylo Budanov បានប្រាប់សារព័ត៌មាន New Voice ថា ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន ធ្លាប់ត្រូវបានគេលួចធ្វើឃាតជាច្រើនដងមកហើយ ក៏ប៉ុន្តែមិនដែលទទួលបានជោគជ័យឡើយ។

ការលើកឡើងរបស់មន្ត្រីជាន់ខ្ពស់អ៊ុយក្រែនរូបនេះ មិនបានភ្ជាប់ជាមួយនូវភ័ស្តុតាងច្បាស់លាស់ទេ គ្រាន់តែលោកបង្ហើបថាវាជាព័ត៌មានសំងាត់។
លោក Budanov អះអាងទៀតថា បច្ចុប្បន្នមន្ត្រីសំខាន់ៗរបស់រុស្ស៊ីមួយចំនួន កំពុងមានភាពមិនពេញចិត្តជាមួយលោក ពូទីន តែដោយសារមេដឹកនាំរូបនេះកាន់អំណាចជាង ២០ឆ្នាំហើយ ដូច្នេះទើបពួកមន្ត្រីទាំងនោះ មិនហ៊ានចេញមុខប្រឆាំង និងភ័យខ្លាចមានភាពវឹកវរ បើសិនរុស្ស៊ីបាត់បង់ក្បាលម៉ាស៊ីនដឹកនាំ ដូចជាលោក ពូទីន។
បន្ថែមពីនោះ ប្រធានផ្នែកចារកម្មអ៊ុយក្រែនរូបនេះសង្កត់ធ្ងន់ទៀតថា ក្រោយរុស្ស៊ីបើកការវាយប្រហារលើអ៊ុយក្រែន លោកពូទីន ធ្លាប់ត្រូវបានគេលួចធ្វើឃាតម្ដងកាលពីខែឧសភា ឆ្នាំ២០២២ ក៏ប៉ុន្តែវាមានភ័ស្តុតាងបញ្ជាក់ពីអំណះអំណាងមួយនេះឡើយ៕