លោកស្រី Laurene Powell Jobs ភរិយាស្ថាបនិកក្រុមហ៊ុន Apple លោក Steve Jobs ដែលបានទទួលអនិច្ចកម្មទៅកាលពីឆ្នាំ២០១១ បានចំណាយលុយជាង ៧០លានដុល្លារ ដើម្បីទិញយកផ្ទះមួយខ្នង ស្ថិតក្នុងតំបន់អភិជន Pacific Heights នៃទីក្រុង San Francisco។
បើតាមការចុះផ្សាយពីសារព័ត៌មាន The Wall Street Journal បានបង្ហាញឲ្យថា ស្រីមេម៉ាយរូបនេះ បានទិញយកផ្ទះបន្តពីក្រុមគ្រួសារមហាសេដ្ឋីមួយ ត្រូវបានគេស្គាល់ថាជាម្ចាស់ក្រុមហ៊ុនផលិតផលអាហារូបត្ថម្ភ Shaklee Corporation ដែលពួកគេបានទិញយកផ្ទះនេះដំបូង ក្នុងតម្លៃ ៣៣លានដុល្លារ នៅឆ្នាំ២០១១។
បើតាម PropertyShark បានរាយការណ៍ទៀតថា អចលនទ្រព្យដ៏ប្រណីតនេះត្រូវបានសាងសង់ឡើងដំបូង ក្នុងឆ្នាំ១៩១៦ មានទំហំជាង ១៥០០ម៉ែត្រការ៉េ កម្ពស់បីជាន់ ជាមួយលក្ខណ:ពិសេសអាចមើលឃើញឈូងសមុទ្រ San Francisco និងស្ពាន Golden Gate ផងដែរ។
គួរឲ្យដឹងថា នេះជាអចលនទ្រព្យដ៏មានតម្លៃថ្លៃបំផុតទីពីរហើយដែលលោកស្រី Laurene បានទិញ ដោយកាលពីដើមឆ្នាំនេះ លោកស្រីក៏បានចំណាយដល់ទៅ ៩៤លានដុល្លារ ដើម្បីទិញផ្ទះមួយខ្នង មានទំហំ ៤ ហិចតា នៅទីក្រុង Malibu រដ្ឋកាលីហ្វ័រញ៉ា។
លោកស្រី Laurene គឺជាស្ថាបនិកក្រុមហ៊ុន Emerson Collective ហើយបើតាមរបាយការណ៍ពី Bloomberg បានបង្ហាញឲ្យដឹងថា បច្ចុប្បន្នលោកស្រីមានទ្រព្យសម្បត្តិសរុបប្រមាណជាង ១១ពាន់លានដុល្លារអាមេរិក៕