Huawei បញ្ចប់ការសាងសង់មជ្ឈមណ្ឌលស្រាវជ្រាវតម្លៃជាង ១ពាន់លានដុល្លារ

អន្តរជាតិ

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Huawei Technologies ទើបនឹងបញ្ចប់ការសាងសង់មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍នៅក្នុងទីក្រុងសៀងហៃ ដែលមានតម្លៃ ១០ពាន់លានយ៉ន់ ឬប្រហែល ១,៤ពាន់លានដុល្លារ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន SCMP។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

មជ្ឈមណ្ឌលខ្នាតយក្សមួយនេះគឺមានទីតាំងនៅក្នុងតំបន់ Jinze នៃស្រុក Qingpu ហើយវាត្រូវបានក្រុមហ៊ុន Huawei ដាក់ឈ្មោះថា Lianqiu Lake R&D Centre។

វាត្រូវបានសាងសង់លើផ្ទៃដីប្រហែល ១៦០ហិកតា ដោយបានបែងចែកជា ៨ប្លុក និងមានអគាររហូតដល់ ១០៤អគារ រួមបញ្ចូលទាំងមន្ទីរពិសោធន៍ អគារការិយាល័យ និងកន្លែងកម្សាន្តផ្សេងៗ ហើយក៏មានខ្សែរថភ្លើងក្រោមដី ងាយស្រួលក្នុងការធ្វើដំណើរផងដែរ។

សូមជម្រាបដែរថា ស្ថាបនិកក្រុមហ៊ុន Huawei មហាសេដ្ឋី Ren Zhengfei បានបង្ហើបប្រាប់ថា មជ្ឈមណ្ឌលថ្មីនេះនឹងដើរតួយ៉ាងសំខាន់លើការស្រាវជ្រាវ និងអភិវឌ្ឍន៍ ដែលមានលក្ខណៈទ្រង់ទ្រាយធំ ហើយលោកសង្ឃឹមថា វានឹងអាចអូសទាញយុវជនមានសមត្ថភាពពីក្រៅប្រទេស ដោយសារនៅទីនោះមានហាងកាហ្វេច្រើនជាង ១០០ទីតាំង ដ្បិតបច្ចុប្បន្នយុវជនចូលចិត្តចំណាយពេលធ្វើការនៅហាងកាហ្វេ ជាជាងបន្ទប់ការិយាល័យ៕