គណៈរដ្ឋមន្ត្រីថៃ បានអនុម័តលើកញ្ចប់ទឹកប្រាក់ ១០០ពាន់លានបាត ឬប្រហែល ២,៨ពាន់លានដុល្លារ ដែលនឹងត្រូវផ្ដល់ជាកម្ចីទៅកាន់ធនាគារ ដើម្បីឲ្យពួកគេមានសាច់ប្រាក់ ផ្ដល់កម្ចីបន្តដល់អាជីវកម្មខ្នាតតូចផ្សេងៗ។
យោងតាមការចុះផ្សាយពីគេហទំព័រ CNA បានបង្ហាញថា គោលបំណងនៃការផ្ដល់កម្ចីនេះ គឺដើម្បីជួយដល់ម្ចាស់អាជីវកម្មខ្នាតតូច ដែលរកចំណូលបានតិចតួច អាចមានលទ្ធភាពខ្ចីប្រាក់ មកទប់ទល់ការចំណាយរបស់ពួកគេ។
ធនាគាររដ្ឋ Government Savings Bank នឹងផ្ដល់ប្រាក់កម្ចីទៅកាន់ធនាគារផ្សេងៗ ជាមួយអត្រាការប្រាក់ត្រឹម ០,០១% ដោយអនុញ្ញាតឲ្យពួកគេ ផ្ដល់កម្ចីបន្ត ទៅកាន់ម្ចាស់អាជីវកម្មខ្នាតតូច ជាមួយអត្រាការប្រាក់មិនលើសពី ៣,៥% ក្នុងរយៈពេល ៣ឆ្នាំ។
សូមជម្រាបដែរថា បច្ចុប្បន្ន រដ្ឋាភិបាលថៃកំពុងព្យាយាមរិះរកគ្រប់មធ្យោបាយ ដើម្បីដោះស្រាយបញ្ហាកំណើនសេដ្ឋកិច្ចងើបឡើងយឺត ខណៈអត្រាបំណុលកំពុងមានការកើនឡើង៕