ការវិនិយោគលើវិស័យអចលនទ្រព្យនៅក្នុងប្រទេសចិន បានធ្លាក់ចុះដល់ ១០,១% គិតនៅត្រឹមឆមាសទី១ នៃឆ្នាំ២០២៤ នេះ បើធៀបទៅនឹងរយ:ពេលដូចគ្នា កាលពីឆ្នាំមុន បើទោះបីជារដ្ឋាភិបាល បានព្យាយាមដាក់ចេញនូវគោលនយោបាយគាំទ្រជាច្រើន ក៏ដោយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។
ទន្ទឹមនឹងនេះ បើតាមទិន្នន័យដែលទទួលបានពីការិយាល័យស្ថិតិជាតិ (NBS) របស់ប្រទេសចិន បានបង្ហាញឲ្យដឹងកាលពីថ្ងៃចន្ទ ទី១៥ ខែកក្កដាកន្លងទៅថា ការលក់អចលនទ្រព្យបើគិតតាមផ្ទៃក្រឡា ក្នុងខែមករា ដល់ខែមិថុនា បានធ្លាក់ចុះ ១៩% ធៀបនឹងរយ:ពេលដូចគ្នាកាលពីឆ្នាំមុន ដែលទាបជាងការធ្លាក់ចុះ ២០,៣% ក្នុងខែមករា ដល់ខែឧសភា។
គួរឲ្យដឹងថា បើទោះបីជាមានវិធានការថ្មីៗជាច្រើន ដែលត្រូវបានគេរំពឹងថានឹងអាចជួយជំរុញដល់តម្រូវការ សម្រាប់វិស័យអចលនទ្រព្យទាំងនៅក្នុងទីក្រុងធំៗក៏ដោយ ប៉ុន្តែផ្ទុយទៅវិញទីក្រុងតូចៗនៅតែបន្តជួបប្រទះជាមួយនឹងបញ្ហាសារពើភ័ណ្ឌលំនៅដ្ឋានច្រើនហួសហេតុ រួមទាំងអតិថិជនហាក់នៅតែមិនមានទំនុកចិត្តទៅលើវិស័យអចលនទ្រព្យរបស់ប្រទេសខ្លួនដដែល។
ទន្ទឹមនឹងនេះ ការចាប់ផ្តើមសាងសង់ថ្មីដោយគិតជាផ្ទៃក្រឡា បានធ្លាក់ចុះជិត ២៣% នៅក្នុងឆមាសទី១នៃឆ្នាំនេះ បន្ទាប់ពីមានការធ្លាក់ចុះជាង ២៤% ក្នុងរយៈពេលប្រាំខែដំបូង។
មូលនិធិដែលប្រមូលដោយក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យរបស់ប្រទេសចិន បានធ្លាក់ចុះជាង ២២% ធៀបនឹងរយ:ពេលដូចគ្នាកាលឆ្នាំមុន បន្ទាប់ពីមានការធ្លាក់ចុះជាង ២៤% នៅក្នុងអំឡុងខែមករា ដល់ខែឧសភា៕