ធ្លាប់តែជាអ្នករិះគន់មិនចេះសំចៃមាត់ ឥឡូវនេះ លោក J.D. Vance ដែលជាសមាជិកព្រឹទ្ធសភាប្រចាំរដ្ឋ Ohio ត្រូវបានលោក ដូណាល់ ត្រាំ ផ្តល់ទំនុកចិត្ត និងជ្រើសរើសធ្វើជាបេក្ខភាពអនុប្រធានាធិបតីរបស់លោក ខណ:ពេលដែលលោក ត្រាំ ផ្ទាល់ត្រូវបានគណបក្សសាធារណរដ្ឋតែងតាំងជាបេក្ខភាពប្រធានាធិបតីផ្លូវការរបស់បក្ស។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។
ការប្រកាសជ្រើសរើសលោក Vance ជាបេក្ខភាពអនុប្រធានាធិបតីនេះ ត្រូវបានធ្វើឡើង ក្នុងអំឡុងសន្និបាតរយៈពេលបួនថ្ងៃរបស់គណបក្សសាធារណរដ្ឋ នៅកណ្តាលទីក្រុង Milwaukee រដ្ឋ Wisconsin ពោលគឺក្រោយពេលពីរថ្ងៃប៉ុណ្ណោះ បន្ទាប់ពីលោក ត្រាំ បានរួចផុតជីវិតពីការប៉ុនប៉ងធ្វើឃាត នៅរដ្ឋ Pennsylvania។
ជុំវិញការក្លាយខ្លួនបេក្ខភាពអនុប្រធានធិបតីដ៏គួរឲ្យភ្ញាក់ផ្អើលរបស់លោក ត្រាំនេះ តើ J.D. Vance ជានរណា?
លោក Vance បច្ចុប្បន្នវ័យ ៣៩ឆ្នាំ បានធំធាត់ឡើងនៅទីក្រុង Middletown រដ្ឋ Ohio។ លោក Vance បានចូលបម្រើការនៅក្នុងកងម៉ារីនអាមេរិក រួមទាំងបានទៅបំពេញបេសកកម្មនៅក្នុងប្រទេសអ៊ីរ៉ាក់ផងដែរ។
លោក Vance បានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ Ohio State និងសាលាផ្នែកច្បាប់ Yale។ នៅទីនោះ បានចូលធ្វើការក្នុងក្រុមហ៊ុនវិនិយោគនៅតំបន់ Silicon Valley មុនពេលវិលត្រឡប់មកកាន់រដ្ឋ Ohio វិញ ដើម្បីបើកអង្គការមិនរកប្រាក់ចំណេញមួយ ក្នុងគោលបំណងអភិវឌ្ឍការព្យាបាលលើអ្នកញៀនអាភៀន។
ក្រោយមកទៀត កេរ្តិ៍ឈ្មោះរបស់លោក Vance ចាប់ផ្តើមល្បីសុះសាយឡើង ក្រោយលោកបានចេញផ្សាយសៀវភៅមួយឈ្មោះ Hillbilly Elegy នៅក្នុងឆ្នាំ២០១៦ ជាពេលតែមួយដែលលោក ដូណាល់ ត្រាំ ឈ្នះតំណែងប្រធានាធិបតីអាមេរិក។
រំលឹកផងដែរថា អំឡុងពេលឡើងកាន់តំណែងជាប្រធានាធិបតីដំបូងៗ លោក Vance គឺជាអ្នករិះគន់មិនចេះសំចៃមាត់ទៅលើ លោក ត្រាំ ដោយបានហៅបេក្ខជនប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋរូបនេះ ថាជា “មនុស្សល្ងង់” ហើយថែមទាំងបានប្រៀបធៀបលោក ត្រាំ ទៅនឹង Adolf Hitler ផងដែរ។
ប៉ុន្តែក្រោយមក បន្ទាប់ពីយល់កាន់តែច្បាស់អំពីគោលនយោបាយដឹកនាំរបស់បក្សកាន់អំណាច នៅទីបំផុតលោក Vance បានផ្លាស់ប្តូរការគិតរបស់ខ្លួនទាំងស្រុង ទៅលើលោក ត្រាំ ហើយបានវិវត្តក្លាយជាអ្នកគាំទ្រដ៏ផុសផុលម្នាក់របស់អតីតប្រធានាធិបតីរូបនេះវិញ។
លោក Vance បានចាប់ផ្តើមប្រឡូកចូលឆាកនយោបាយដំបូង ក្នុងឆ្នាំ២០២១ ជាមួយការឈរឈ្មោះដើម្បីដណ្ដើមកៅអីព្រឹទ្ធសភាដែលនៅទំនេរ បន្ទាប់ពីសមាជិកព្រឹទ្ធសភាបក្សសាធារណរដ្ឋ លោក Rob Portman ប្រកាសចូលនិវត្តន៍។ ក្រោយមកលោក Vance ក៏បានក្លាយជាសមាជិកព្រឹទ្ធសភាមកពីគណបក្សសាធារណរដ្ឋប្រចាំរដ្ឋ Ohio នៅខែមករា ឆ្នាំ២០២៣៕