ប្រធានាធិបតីបារាំង លោក Emmanuel Macron បានយល់ព្រមទទួលលិខិតលាលែងតំណែង របស់នាយករដ្ឋមន្ត្រីវ័យក្មេង Gabriel Attal ក៏ប៉ុន្តែតម្រូវឲ្យអ្នកនយោបាយវ័យ ៣៥ឆ្នាំ បន្តកាន់តំណែងបណ្ដោះអាសន្ន រហូតរកបាននាយករដ្ឋមន្ត្រីថ្មីជាផ្លូវការ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន RT។
លោក Gabriel បានប្រកាសលាលែងពីតំណែងភ្លាមៗកាលពីសប្ដាហ៍មុន បន្ទាប់ពីលទ្ធផលនៃការបោះឆ្នោតសកល ដែលបានធ្វើឡើងទាំងប្រញាប់ប្រញាល់ បានបង្ហាញថា គណបក្សរបស់លោកម៉ាក្រុង មិនទទួលបានសម្លេងគាំទ្រច្រើនឡើយ ពោលគឺជាប់នៅចំណាត់ថ្នាក់លេខ៣ប៉ុណ្ណោះ ដោយគណបក្សឆ្វេងនិយមជាអ្នកទទួលបានការគាំទ្រច្រើនបំផុត។
គួររំលឹកបន្តិចថា លោក Gabriel Attal ត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីវ័យក្មេងបំផុតរបស់បារាំង កាលពីខែមករា ហើយលោកក៏ជានាយករដ្ឋមន្ត្រីតែមួយគត់ ដែលជាអ្នកស្រលាញ់ភេទដូចគ្នានៅក្នុងប្រវត្តិសាស្ត្ររបស់បារាំង៕