ក្រុមហ៊ុនផ្តល់សេវាកម្មការពារ និងកម្ចាត់វីរុស នៅលើកុំព្យូទ័រ Kaspersky Lab របស់ប្រទេសរុស្ស៊ី បានប្រកាសកាលពីដើមសប្តាហ៍នេះថា ខ្លួននឹងបិទប្រតិបតិ្តការទាំងស្រុង នៅទឹកដីសហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី២០ ខែកក្កដាតទៅ បន្ទាប់ពីមានការព្រមានទប់ស្កាត់ពីសំណាក់រដ្ឋបាលប្រធានាធិបតី ចូ បៃដិន លើការលក់កម្មវិធីរបស់ខ្លួននៅក្នុងប្រទេស។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។
ក្រុមហ៊ុន Kaspersky បានបញ្ជាក់បន្ថែមទៀតថា ខ្លួននឹងលុបមុខងារទាំងអស់ដែលមាននៅសហរដ្ឋអាមេរិក ដោយនឹងមិនអនុញ្ញាតឲ្យអ្នកប្រើប្រាស់ បន្តទិញផលិតផលណាមួយនៅលើគេហទំព័ររបស់ខ្លួនបានទៀតនោះឡើយ។
រំលឹកផងដែរថា កាលពីខែមុន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មអាមេរិក លោកស្រី Gina Raimondo បានប្រកាសពីផែនការទប់ស្កាត់លើការលក់កម្មវិធីកម្ចាត់មេរោគដែលផលិតដោយ ក្រុមហ៊ុន Kaspersky នៅក្នុងប្រទេសរបស់ខ្លួន ដោយលើកឡើងពីហានិភ័យនៃប្រព័ន្ធសុវត្ថិភាពដែលអាចបង្កឡើងដោយរដ្ឋាភិបាលរុស្ស៊ី មកលើសន្តិសុខអ៊ីនធឺណិតរបស់អាមេរិក។
ទន្ទឹមនឹងនេះ រដ្ឋាភិបាលអាមេរិក កាលពីខែមិថុនា ក៏បានដាក់ទណ្ឌកម្មទៅលើថ្នាក់ដឹកនាំជាន់ខ្ពស់របស់ក្រុមហ៊ុន Kaspersky រួមទាំងប្រធានផ្នែកអភិវឌ្ឍអាជីវកម្ម ប្រធានផ្នែកប្រតិបត្តិការ និងប្រធានផ្នែកទំនាក់ទំនងសាជីវកម្មរបស់ក្រុមហ៊ុនរុស្ស៊ីនេះ ថែមទៀតផង។
ជម្រាបជូនថា មួយខែបន្ទាប់ពីការប្រកាសរឹតត្បឹតនេះ ក្រុមហ៊ុន Kaspersky បានប្រកាសថានឹងបិទប្រតិបត្តិការទាំងស្រុងរបស់ខ្លួនជាផ្លូវការនៅលើទឹកដីសហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី២០ ខែកក្កដា ខាងមុខនេះតទៅ៕