នាយករដ្ឋមន្ត្រីថៃ លោក Srettha Thavisin បាននិយាយកាលពីដើមសប្តាហ៍នេះថា ប្រជាជន និងអ្នកលក់ដូរ អាចមកចុះឈ្មោះដើម្បីទទួលបានលុយឌីជីថលចំនួន ១ម៉ឺនបាត (ប្រហែល ២៧៥ដុល្លារ) ក្នុងមួយនាក់ ចាប់ពីខែសីហាខាងមុខនេះតទៅ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AP។
យោងតាមការបង្ហោះសារមួយនៅលើបណ្តាញសង្គម X លោក Srettha បាននិយាយថា ការចុះឈ្មោះនឹងចាប់ផ្តើមនៅថ្ងៃទី១ ខែសីហាខាងមុខ បន្ទាប់ពីផែនការដែលមានឈ្មោះថា Digital Wallet នេះ ត្រូវបានប្រកាសតាំងពីខែមេសាមក ដើម្បីផ្តល់លុយម្នាក់ ១ម៉ឺនបាត ដល់ប្រជាពលរដ្ឋចំនួន ៥០លាននាក់ ដើម្បីចាយវាយនៅក្នុងស្រុក។
គួរឲ្យដឹងថាផែនការចែកលុយឌីជីថលនេះ គឺជាគោលនយោបាយដ៏សំខាន់មួយរបស់គណបក្សភឿថៃដែលកំពុងកាន់អំណាច នៅមុនការបោះឆ្នោតសកលកាលពីឆ្នាំមុន។ រដ្ឋាភិបាលរំពឹងថាផែនការនេះ អាចជួយជំរុញដល់សេដ្ឋកិច្ចដែលទន់ខ្សោយរបស់ខ្លួន ជាពិសេសកំណើនផលិតផលក្នុងស្រុកសរុប អាចកើនឡើងចន្លោះពី ១,២% ទៅ ១,៦%។
ទន្ទឹមនឹងនេះ ក្រសួងហិរញ្ញវត្ថុថៃ បានប៉ាន់ប្រមាណថា យ៉ាងហោចណាស់ ៩០% នៃអ្នកមានសិទ្ធិចំនួន ៥០ លាននាក់ នឹងមកចុះឈ្មោះសម្រាប់កម្មវិធីនេះ ខណ:ការចំណាយសរុបនៃផែនការអាចនឹងមានចំនួនប្រហែល ៤៥០ពាន់លានបាត (១២,៧ពាន់លានដុល្លារ)។ កញ្ចប់ទឹកប្រាក់សម្រាប់គម្រោងនេះ នឹងត្រូវទាញចេញពីថវិកាជាតិសម្រាប់ឆ្នាំ២០២៤ និងឆ្នាំ២០២៥។
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ក្រុមអ្នកជំនាញសេដ្ឋកិច្ច បានធ្វើការរិះគន់យ៉ាងខ្លាំងទៅលើកម្មវិធីនេះ ដោយហៅវាថាជាមធ្យោបាយគ្មានប្រសិទ្ធភាពក្នុងការរួមចំណែកដល់កំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព បើប្រៀបធៀបទៅនឹងវិធានការផ្សេងទៀត៕