មហាសេដ្ឋីថៃ ប្រកាសចាកចេញពីវិស័យអចលនទ្រព្យ ងាកមកផ្ដោតលើវិស័យចំណីអាហារវិញ

អន្តរជាតិ

ម្ចាស់ក្រុមហ៊ុន Thai Beverage មហាសេដ្ឋី Charoen Sirivadhanabhakdi បានប្រកាសថា ក្រុមហ៊ុនរបស់លោក នឹងលក់នូវភាគហ៊ុនទាំងអស់ដែលមាននៅក្នុងក្រុមហ៊ុនអចលនទ្រព្យ Fraser Property នៅក្នុងសិង្ហបុរី ដោយងាកមកផ្ដោតតែលើអាជីវកម្មភេសជ្ជៈ និងចំណីអាហារតែមួយមុខគត់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីសារព័ត៌មាន Bloomberg បានបង្ហាញថា ក្រុមហ៊ុន ThaiBev នឹងធ្វើការផ្ទេរភាគហ៊ុន ២៨,៨% ឬសរុបជាទឹកប្រាក់ប្រហែល ១,៦ពាន់លានដុល្លារ ទៅកាន់ក្រុមហ៊ុនអចលនទ្រព្យ TCC Assets នៅក្នុងប្រទេសថៃ។

ទន្ទឹមនឹងនោះ ក្រុមហ៊ុន TCC Assets នឹងធ្វើការផ្ទេរចំណែកភាគហ៊ុនរបស់ខ្លួន ដែលមាននៅក្នុងក្រុមហ៊ុនភេសជ្ជៈ Fraser and Neave (F&N) នៅក្នុងប្រទេសសិង្ហបុរី ទៅឲ្យក្រុមហ៊ុនមហាសេដ្ឋីថៃរូបនេះវិញ ដើម្បីបញ្ចប់កិច្ចកុងត្រារវាងភាគីទាំងសងខាង។

បច្ចុប្បន្ន តំណាងក្រុមហ៊ុន ThaiBev បានបង្ហើបថា កិច្ចព្រមព្រៀងមួយនេះ គឺកំពុងរង់ចាំការអនុញ្ញាតពីម្ចាស់ភាគហ៊ុនដទៃ ក៏ប៉ុន្តែបើសិនជាវាអាចសម្រេចទៅបាន ក្រុមហ៊ុន ThaiBev នឹងក្លាយជាម្ចាស់ភាគហ៊ុនធំក្នុងក្រុមហ៊ុន F&N ដោយនឹងមានភាគហ៊ុនក្នុងដៃប្រហែល ៧០% កើនឡើងពីភាគហ៊ុនដែលមានបច្ចុប្បន្នត្រឹម ២៨% ប៉ុណ្ណោះ៕