ប្រធានក្រុមហ៊ុនអចលនទ្រព្យ Hoang Quan លោក Truong Anh Tuan ត្រូវបានអាជ្ញាធរវៀតណាម ហាមមិនឲ្យធ្វើដំណើរចាកចេញពីប្រទេសឡើយ ដោយសារក្រុមហ៊ុនរបស់លោកមានបំណុលពន្ធ ៦,១ពាន់លានដុង ឬប្រហែល ២៤០ ៨០០ដុល្លារ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNExpress។

ក្រុមហ៊ុនបុត្រសម្ព័ន្ធដែលមានឈ្មោះថា Hoang Quan Can Tho ដែលជាម្ចាស់អភិវឌ្ឍគម្រោងអចលនទ្រព្យចំនួន ៧កន្លែង នៅក្នុងទីក្រុង Can Tho ត្រូវធ្វើការសងបំណុលពន្ធ ជូនរដ្ឋាភិបាលឲ្យអស់សិន ទើបលោក Tuan អាចមានសិទ្ធចេញចូលប្រទេសដោយសេរីឡើងវិញ។
គួររំលឹកបន្តិចថា នេះគឺជាការហាមប្រាមលើកទី២ សម្រាប់សេដ្ឋីអចលនទ្រព្យវៀតណាមរូបនេះ ដោយកាលពីខែមុន លោកត្រូវបានអាជ្ញាធរហាមឃាត់ការធ្វើដំណើរក្រៅប្រទេស ក្រោមហេតុផលដូចគ្នា។
សូមជម្រាបដែរថា រយៈពេល ៦ខែដំបូងក្នុងឆ្នាំនេះ អាជ្ញាធរវៀតណាមបានបង្ហើបថា ប្រជាជនជិត ១ ៥០០នាក់ ត្រូវបានហាមមិនឲ្យធ្វើដំណើរក្រៅប្រទេស ដោយសារជាប់បំណុលពន្ធ សរុបជាទឹកប្រាក់រហូតដល់ ៩២០ពាន់លានដុងឯណោះ៕