ចៅប្រុសរបស់មហាសេដ្ឋីថៃ Dhanin Chearavanont ប្រមូលទុនបាន ៦០លានដុល្លារ បង្កើតក្រុមហ៊ុន AI ថ្មីមួយ

អន្តរជាតិ

ចៅប្រុសរបស់កំពូលមហាសេដ្ឋីថៃ Dhanin Chearavanont គឺលោក Korawad Chearavanont ប្រមូលទុនវិនិយោគបានប្រមាណ ៦០លានដុល្លារ បង្កើតក្រុមហ៊ុនបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតមួយមានឈ្មោះថា Amity Corp មានសមត្ថភាពជួយសម្រួលក្នុងអាជីវកម្ម។ នេះបើយោងតាមការចុះផ្សាយពីសារព័ត៌មាន Reuters ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក Korawad Chearavanont ដែលជានាយកប្រតិបត្តិបានលើកឡើងអំពី AI generative Artificial Intelligence (AI) Chat bots របស់ក្រុមហ៊ុន Amity របស់ខ្លួន ថាមានសមត្ថភាពពិសេសអាចដោះស្រាយបញ្ហា ឬឆ្លើយតបទៅនឹងសំណួររបស់បុគ្គលិក បានយ៉ាងឆាប់រហ័សជាទីបំផុត។ មួយវិញទៀតលោកថា អតិថិជនមានការពេញនិយមជាខ្លាំងចំពោះការប្រើប្រាស់បញ្ញាសិប្បនិម្មិត GenAI ដើម្បីបង្កើតរបាយការណ៍ ការវិភាគ និងការប្រឹក្សាយោលបល់ជាដើម។

គួរឲ្យដឹងថា លោក Korawad បច្ចុប្បន្នមានវ័យទើបតែ ២៩ឆ្នាំ គឺជាជាសហគ្រិនម្នាក់ជាប់ខ្សែស្រឡាយគ្រួសារមហាសេដ្ឋីត្រកូល Chearavanont ដែលគ្រប់គ្រងក្រុមហ៊ុនកសិឧស្សាហកម្ម Charoen Pokphand Group (CP Group) ដែលជាអ្នកផលិតបសុសត្វ និងចំណីសត្វដ៏ធំបំផុតមួយរបស់ពិភពលោក។ បើតាមទស្សនាវដ្តី Forbes បានឲ្យដឹងដែរថា ត្រកូល Chearavanont គឺជាគ្រួសារមានទ្រព្យច្រើនដាច់គេលំដាប់ទីពីរនៅប្រទេសថៃ ពោលមានទ្រព្យសម្បត្តិសរុបរហូតដល់ទៅ ២៩ពាន់លានដុល្លារឯណោះ៕