លោក ដូណាល់ ត្រាំ ថានឹងតែងតាំងមេធំធនាគារ JPMorgan ជារដ្ឋមន្ត្រីរតនាគារអាមេរិក បើជាប់ឆ្នោត

អន្តរជាតិ

បេក្ខភាពប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយកាលពីពេលថ្មីៗនេះថា លោកនឹងពិចារណាតែងតាំងនាយកប្រតិបត្តិរបស់ធនាគារ JPMorgan លោក Jamie Dimon ជារដ្ឋមន្ត្រីរតនាគារថ្មីរបស់អាមេរិក ប្រសិនបើលោកអាចឈ្នះការបោះឆ្នោតនាថ្ងៃទី៥ ខែវិច្ឆិកាខាងមុខនោះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អតីតប្រធានាធិបតីអាមេរិករូបនេះ បានប្រាប់ទៅកាន់សារព័ត៌មាន Bloomberg នៅក្នុងបទសម្ភាសន៍មួយដែលបានចេញផ្សាយកាលពីថ្ងៃអង្គារ ដោយលើកឡើងដ៏គួរឲ្យភ្ញាក់ផ្អើលថា លោក Jamie នឹងស្ថិតនៅក្នុងជម្រើសដំបូងរបស់លោក ដើម្បីក្លាយជារដ្ឋមន្ត្រីរតនាគារអាមេរិក ប៉ុន្តែទន្ទឹមនឹងនេះ ខាងធនាគារ JPMorgan បានបដិសេធមិនព្រមធ្វើការឆ្លើយតប ជុំវិញការលើកឡើងរបស់លោក ត្រាំ នេះឡើយ។

នៅក្នុងពេលជាមួយគ្នានោះ លោក ត្រាំ ក៏បានលើកឡើងផងដែរថា លោកនឹងមិនព្យាយាមដកតំណែងរបស់ប្រធានធនាគារកណ្តាលអាមេរិក លោក Jerome Powell ចេញ នៅមុនពេលអាណត្តិរបស់លោកត្រូវបញ្ចប់នោះឡើយ។

គួរឲ្យដឹងថា អាណត្តិរបស់លោក Powell ក្នុងនាមជាប្រធានធនាគារកណ្តាល នឹងត្រូវផុតកំណត់នៅឆ្នាំ២០២៦ ខណ:ពេលដែលអាសនៈរបស់លោក នៅក្នុងក្រុមប្រឹក្សាភិបាលរបស់ធនាគារកណ្តាល នឹងត្រូវផុតកំណត់នៅឆ្នាំ២០២៨។

ជុំវិញការលើកឡើងបែបនេះ លោក Powell ខ្លួនឯងផ្ទាល់ក៏បានបញ្ជាក់កាលពីថ្ងៃទី១៥ ខែកក្កដាកន្លងទៅថា លោកគ្មានគម្រោងចាកចេញពីមុខតំណែងជាប្រធានធនាគារកណ្តាលរបស់សហរដ្ឋអាមេរិក នៅមុនពេលអាណត្តិរបស់លោកត្រូវផុតកំណត់នោះឡើយ។

ជម្រាបជូនថា លោក Powell ត្រូវបានតែងតាំងជាលើកដំបូង នៅក្នុងក្រុមប្រឹក្សាភិបាលរបស់ធនាគារកណ្តាល ដោយអតីតប្រធានាធិបតី លោក Barack Obama ក្រោយមក នៅពេលលោក ត្រាំ ឡើងកាន់តំណែងប្រធានាធិបតីបន្ទាប់​ លោក Powell​ ត្រូវបានតែងតាំងជាប្រធានធនាគារកណ្តាលរហូតដល់បច្ចុប្បន្ន៕