លោកស្រី Bui Thi Minh Hoai ក្លាយជាស្ត្រីវៀតណាមដំបូង ត្រូវបានតែងតាំងជាប្រធានបក្សទីក្រុងហាណូយ

អន្តរជាតិ

យោងតាមសេចក្តីសម្រេចមួយដែលត្រូវបានប្រកាសចេញកាលពីថ្ងៃពុធ ទី១៧ ខែកក្កដាកន្លងទៅ លោកស្រី Bui Thi Minh Hoai ដែលជាសមាជិកការិយាល័យនយោបាយ ទទួលបន្ទុកសន្តិសុខសាធារណៈ និងទំនាក់ទំនងសាធារណៈ នឹងក្លាយជាស្ត្រីវៀតណាមដំបូងគេ ដែលត្រូវទទួលតំណែងជាប្រធានបក្សទីក្រុងហាណូយ សម្រាប់អាណត្តិ ២០២០-២០២៥។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ដោយថ្លែងក្នុងពិធីប្រគល់តំណែងនេះ លោក Luong Cuong ដែលជាសមាជិកអចិន្ត្រៃយ៍នៃលេខាធិការដ្ឋានគណៈកម្មាធិការមជ្ឈិមបក្ស បានសម្តែងនូវជំនឿចិត្តថា លោកស្រី Hoai នឹងបំពេញភារកិច្ចបានយ៉ាងប៉ិនប្រសប់ តាមគោលបំណងរួមរបស់ស្ថាប័នបក្ស មន្ត្រី សមាជិកបក្ស និងប្រជាជនក្នុងរដ្ឋធានីទាំងមូល។

ចំណែកឯលោកស្រី Hoai វិញ ក៏បានសន្យាអនុវត្តសមិទ្ធិផល និងប្រពៃណីរបស់ទីក្រុងហាណូយ រួមទាំងបង្កើនឱកាស និងខិតខំប្រឹងប្រែងជំនះការលំបាក ក៏ដូចជាបញ្ហាប្រឈមនានា ដើម្បីសម្រេចបាននូវភាពជោគជ័យលើដំណោះស្រាយនានា ដែលត្រូវបានអនុម័តនៅក្នុងមហាសន្និបាតបក្សទីក្រុងហាណូយលើកទី១៧ និងមហាសន្និបាតបក្សទូទាំងប្រទេសលើកទី១៣។

លោកស្រី Hoai បច្ចុប្បន្នវ័យ ៥៩ឆ្នាំ ជាអ្នកនយោបាយដ៏មានសមត្ថភាពម្នាក់ មានស្រុកកំណើតនៅខេត្ត Ha Nam ដោយបានបញ្ចប់ថ្នាក់អនុបណ្ឌិតផ្នែកច្បាប់។ ក្នុងជួរនយោបាយ លោកស្រី Hoai គឺជាសមាជិកនៃគណៈកម្មាធិការមជ្ឈិមបក្សសម្រាប់អាណត្តិទី១០ ទី១១ ទី១២ និងទី១៣ ។

លោកស្រី Hoai ត្រូវបានបោះឆ្នោតជ្រើសរើសជាការិយាល័យនយោបាយ ដោយគណៈកម្មាធិការមជ្ឈិមបក្សលើកទី១៣ ក្នុងអំឡុងកិច្ចប្រជុំពេញអង្គលើកទី៩ កាលពីថ្ងៃទី១៦ ខែឧសភាកន្លងទៅ ខណ:លោកស្រី ក៏ត្រូវបានតែងតាំងជាអនុប្រធាននៃរដ្ឋសភានីតិកាលទី១៥ ផងដែរ៕