លោកស្រី Ursula von der Leyen ទទួលបានសម្លេងគាំទ្រច្រើន នៅក្នុងការបោះឆ្នោតជ្រើសរើសប្រធានគណៈកម្មការសហភាពអឺរ៉ុប កាលពីថ្ងៃទី១៨ ខែកក្កដា ខណៈវានឹងក្លាយជាអាណត្តិទី២ ដែលលោកស្រីបានកាន់តំណែងមួយនេះ។

យោងតាមការចុះផ្សាយពីសារព័ត៌មាន Reuters បានបង្ហាញថា សមាជិកសភាអឺរ៉ុប បានបង្ហាញការគាំទ្រ ចំពោះលោកស្រី von der Leyen ក្នុងការដឹកនាំសហភាពអឺរ៉ុប រយៈពេល ៥ឆ្នាំបន្ថែមទៀត ដោយបានបោះឆ្នោតគាំទ្រ ៤០១សម្លេង និងមានសម្លេងប្រឆាំង ២៨៤សម្លេង ក្នុងចំណោមសមាជិកសភាសរុប ៧២០នាក់។
ក្នុងនាមជាប្រធានគណៈកម្មការ EU អាណត្តិទី២នេះ លោកស្រី von der Leyen ក៏បានសន្យាដែរថា នឹងព្យាយាមពង្រឹងឲ្យកាន់តែខ្លាំងលើវិស័យការពារជាតិរបស់សហភាពអឺរ៉ុប ជាពិសេសការគម្រោងការពារដែនអាកាស និងការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត។
បន្ថែមពីនោះ លោកស្រីក៏បានអះអាងទៀតថា សហភាពអឺរ៉ុប នឹងផ្ដោតកាន់តែខ្លាំងលើការវិនិយោគ ក្នុងវិស័យថាមពលបៃតង ដើម្បីកាត់បន្ថយបញ្ហាបម្រែបម្រួលអាកាសធាតុ ដែលកំពុងកើតមានទូទាំងសកលលោកសព្វថ្ងៃនេះ៕