​ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen មានប្រវត្តិមិនធម្មតាលើឆាកនយោបាយ

អន្តរជាតិ

សភាអឺរ៉ុប កាលពីថ្ងៃព្រហស្បតិ៍ ទី១៨ ខែកក្កដា បានបោះឆ្នោតផ្តល់សេចក្តីទុកចិត្តដល់ លោកស្រី Ursula von der Leyen ឲ្យធ្វើជាប្រធានគណ:កម្មការសហភាពអឺរ៉ុប សម្រាប់អាណត្តិលើកទី២ របស់លោកស្រី។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជុំវិញការបន្តកាន់តំណែងធំនៅក្នុងសហភាពអឺរ៉ុបនេះ តើលោកស្រី Ursula von der Leyen មានប្រវត្តិបែបណាខ្លះ?

លោកស្រី Ursula von der Leyen កើតថ្ងៃទី៨ ខែតុលា ឆ្នាំ១៩៥៨ នៅទីក្រុងប្រ៊ុចសែល ប្រទេសបែលហ្សិក លោកស្រីគឺជាអ្នកនយោបាយអាល្លឺម៉ង់ ដើមកំណើតបែលហ្ស៊ិក ដែលបានបម្រើការជារដ្ឋមន្ត្រីក្រសួងការពារជាតិរបស់អាល្លឺម៉ង់ ចាប់ពីឆ្នាំ២០១៣ ដល់ឆ្នាំ២០១៩។

ឪពុកលោកស្រី ជាអ្នកនយោបាយជើងចាស់អាល្លឺម៉ង់ គឺលោក Ernst Albrecht ដែលបានបម្រើការជាប្រធានគណៈរដ្ឋមន្ត្រី នៅគណៈកម្មការសហគមន៍សេដ្ឋកិច្ចអឺរ៉ុប និងធ្លាប់ជានាយករដ្ឋមន្ត្រីអាល្លឺម៉ង់ ក្នុងរដ្ឋមួយភាគខាងជើងប្រទេស​ ផងដែរ។

បន្ទាប់ពីបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យ Gottingen និង Munster ក៏ដូចជានៅសាលាសេដ្ឋកិច្ចទីក្រុងឡុងដ៍ លោកស្រី ក៏បានបន្តចូលរៀនផ្នែកវេជ្ជសាស្ត្រ ហើយបានបញ្ចប់ការសិក្សាពីសាលាវេជ្ជសាស្ត្រ Hanover ប្រទេសអាល្លឺម៉ង់ ក្នុងឆ្នាំ១៩៨៧។

ក្រោយមកលោកស្រី បានទៅរស់នៅក្នុងសហរដ្ឋអាមេរិក ចន្លោះពីឆ្នាំ១៩៩២ ដល់ឆ្នាំ១៩៩៦ ហើយបានត្រឡប់មកប្រទេសអាល្លឺម៉ង់វិញ និងបានចូលបម្រើការជាសាស្ត្រាចារ្យនៅនាយកដ្ឋានរោគរាតត្បាត វេជ្ជសាស្ត្រសង្គម និងការស្រាវជ្រាវប្រព័ន្ធសុខភាពរបស់សាលា Hanover Medical School ។

លោកស្រី បានចូលរួមក្នុងសហភាពប្រជាធិបតេយ្យគ្រីស្ទាន (CDU) ក្នុងឆ្នាំ១៩៩០ ហើយបានចាប់ផ្តើមចូលប្រឡូកក្នុងឆាកនយោបាយនៃរដ្ឋ Lower Saxony ដែលជារដ្ឋសហព័ន្ធគ្រប់គ្រងដោយឪពុករបស់លោកស្រីនៅចន្លោះឆ្នាំ១៩៧៦ ដល់១៩៩០។ អំឡុងពេលនោះ លោកស្រីបានកាន់ការិយាល័យថ្នាក់ស្រុក និងរដ្ឋជាបន្តបន្ទាប់ ហើយនៅឆ្នាំ២០០៤ លោកស្រី ត្រូវបានជ្រើសរើសជាគណៈកម្មាធិការដឹកនាំរបស់ CDU ។

បន្ទាប់ពី CDU បានឈ្នះការបោះឆ្នោតសហព័ន្ធក្នុងឆ្នាំ២០០៥ លោកស្រីត្រូវបានបន្តតែងតាំងជារដ្ឋមន្ត្រីក្រសួងកិច្ចការគ្រួសារ ពលរដ្ឋវ័យចំណាស់ ស្ត្រី និងយុវជន នៅក្នុងជួរគណៈរដ្ឋមន្ត្រីដំបូងរបស់លោកស្រីអធិការបតីអាល្លឺម៉ង់ Angela Merkel ។

លុះដល់ខែធ្នូ ឆ្នាំ២០១៣ លោកស្រីត្រូវបានបន្តតែងតាំងជារដ្ឋមន្ត្រីក្រសួងការពារជាតិរបស់ប្រទេសអាឡឺម៉ង់ និងបានក្លាយជាស្ត្រីដំបូងគេកាន់ក្នុងតំណែងនោះ។ នៅខែកក្កដា ឆ្នាំ២០១៩ លោកស្រី បានជ្រើសរើសឲ្យបន្តតំណែងជាប្រធានគណៈកម្មការអឺរ៉ុប ជំនួសលោក Jean-Claude Juncker ហើយបានចូលកាន់តំណែងផ្លូវការនៅខែធ្នូ ឆ្នាំនោះ៕