កាលពីថ្ងៃទី២១ ខែកក្កដា លោក ចូ បៃដិន បានប្រកាសបោះបង់សិទ្ធឈរឈ្មោះប្រជែងតំណែងប្រធានាធិបតីអាមេរិក តំណាងឲ្យគណបក្សប្រជាធិបតេយ្យ ដោយងាកមកគាំទ្រអ្នកស្រី Kamala Harris ដែលជាអនុប្រធាធិបតីរបស់លោកវិញ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។
លោក បៃដិន បានសរសេរសារមួយថា៖ “ខ្ញុំពិតជាមានបំណងចង់បន្តឈរឈ្មោះជាបេក្ខភាពប្រធានាធិបតីខ្លាំងណាស់ ក៏ប៉ុន្តែខ្ញុំយល់ថា វាគឺជារឿងល្អបំផុតសម្រាប់បក្ស និងប្រទេសរបស់ខ្ញុំ បើសិនជាខ្ញុំបោះបង់ក្ដីស្រមៃនេះ ហើយផ្ដោតលើការងារជាប្រធានាធិបតី សម្រាប់រយៈពេលដែលនៅសេសសល់ក្នុងអាណត្តិមួយនេះ”។
បើទោះជាប្រកាសបោះបង់សិទ្ធឈរឈ្មោះបោះឆ្នោតក៏ពិតមែន តែប្រធានាធិបតីអាមេរិក ចូ បៃដិន នឹងបន្តកាន់អំណាច រហូតដល់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ ហើយលោកក៏នឹងត្រៀមថ្លែងសន្ទរកថាមួយ នៅក្នុងសប្ដាហ៍នេះផងដែរ។
គួររំលឹកបន្តិចថា សមាជិកបក្សប្រជាធិបតេយ្យចាប់ផ្ដើមទាមទារឲ្យលោក បៃដិន បោះបង់សិទ្ធឈរឈ្មោះបោះឆ្នោត បន្ទាប់ពីរូបលោកធ្វើមិនបានល្អ ក្នុងពេលជជែកដេញដោល ទល់មុខជាមួយលោក ដូណាល់ ត្រាំ កាលពីថ្ងៃទី២៧ ខែមិថុនាកន្លងទៅ គួបផ្សំនិងកត្តាវ័យចំណាស់ផង ធ្វើឲ្យប្រជាប្រិយភាពរបស់លោកមានការថយចុះជាខ្លាំងនៅក្នុងឆ្នាំនេះ។
ជម្រាបបន្ថែមថា បើសិនជាគណបក្សប្រជាធិបតេយ្យសម្រេចជ្រើសតាំងអនុប្រធានាធិបតី លោកស្រី Kamala Harris ជាបេក្ខភាពប្រធានាធិបតីមែន នោះលោកស្រីនឹងក្លាយជាស្ត្រីស្បែកខ្មៅដំបូងបំផុត ដែលដឹកនាំបក្សធំបំផុតមួយនៅអាមេរិក៕