ប្រពន្ធប្រធានាធិបតីកូរ៉េខាងត្បូង រងការរិះគន់ខ្លាំង ក្រោយទទួលកាដូតម្លៃជាង ២ពាន់ដុល្លារ

អន្តរជាតិ

ជំទាវទីមួយកូរ៉េខាងត្បូង លោកស្រី Kim Keon Hee ទទួលរងការរិះគន់យ៉ាងខ្លាំង ពីសំណាក់ប្រជាពលរដ្ឋ បន្ទាប់ពីលេចលឺដំណឹងថា លោកស្រីទទួលបានកាដូ ជាកាបូបយួរដៃម៉ាក Dior តម្លៃ ២ ២០០ដុល្លារ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីគេហទំព័រ CNA បានបង្ហាញថា ការរិះគន់នេះកើតឡើង ចំពេលគណបក្សប្រឆាំង បានអំពាវនាវឲ្យបើកការស៊ើបអង្កេតលើមន្ត្រីធំ ទាក់ទងនឹងករណីអំពើពុករលួយ ខណៈភរិយាប្រធានាធិបតីរូបនេះក៏មានឈ្មោះក្នុងបញ្ជីតាមដានផងដែរ។

ក្រៅពីរងការរិះគន់ជុំវិញរឿងកាបូបយួរដៃតម្លៃជាង ២ពាន់ដុល្លារ លោកស្រី Kim ក៏រងនូវការចោទប្រកាន់មួយទៀត គឺជាប់ពាក់ព័ន្ធករណីបន្លំទិន្នន័យផ្សារហ៊ុន ក៏ប៉ុន្តែករណីមួយនេះ កំពុងស្ថិតនៅក្នុងការស្រាវជ្រាវនៅឡើយ។

គួររំលឹកបន្តិចថា ច្បាប់សាធារណៈរដ្ឋកូរ៉េបានចែងថា គ្រប់មន្ត្រី និងប្ដីប្រពន្ធរបស់ពួកគេ មិនអាចទទួលអំណោយ ដែលមានតម្លៃលើសពី ៧៥០ដុល្លារឡើយ ដ្បិតបើសិនជាមានតម្លៃលើសពីនោះ វានឹងត្រូវចាត់ទុកជាការស៊ីសំណូក៕