រដ្ឋាភិបាលវៀតណាម នឹងរៀបចំពិធីបុណ្យសពមួយនាសប្ដាហ៍ក្រោយ សម្រាប់ប្រធានបក្សកុម្ម៉ុយនីស្ត លោក Nguyen Phu Trong ដែលបានទទួលអនិច្ចកាលកាលពីថ្ងៃសុក្រសប្ដាហ៍មុន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។
ពិធីបុណ្យសពថ្នាក់ជាតិនេះ នឹងរៀបចំឡើងរយៈពេល ២ថ្ងៃ ពីថ្ងៃទី ២៥ ដល់ថ្ងៃទី២៦ ខែកក្កដា ខណៈអំឡុងពេល ២ថ្ងៃនោះ តម្រូវឲ្យប្រជាពលរដ្ឋទាំងអស់ធ្វើការកាន់ទុក្ខ និងមិនមានរៀបចំព្រឹទ្ធការសប្បាយៗណាមួយឡើយ។
គួររំលឹកបន្តិចថា លោក Trong បានទទួលអនិច្ចកម្មនៅក្នុងវ័យ ៨០ឆ្នាំ បន្ទាប់ពីរូបលោកបានកាន់កាប់អំណាចកំពូលមួយនេះ អស់រយៈពេល ១៣ឆ្នាំ ហើយក្រោមការដឹកនាំរបស់លោក វៀតណាមទទួលបានកំណើនសេដ្ឋកិច្ចដ៏ល្អប្រសើរ និងមានការបង្ក្រាបអំពើពុករលួយពេញផ្ទៃប្រទេសផងដែរ។
ជម្រាបបន្ថែមថា មរណភាពរបស់លោក Trong ក៏មានការសោកស្ដាយជាខ្លាំង ខណៈមេដឹកនាំទូទាំងសកលលោកដូចជា ប្រធានាធិបតីអាមេរិក ចូ បៃដិន បុរសខ្លាំងរដ្ឋចិន ស៊ី ជិនពីង និងមេដឹកនាំកំពូលរុស្ស៊ី វ៉្លាឌីមៀ ពូទីន សុទ្ធតែបានចេញសារចូលរួមរំលែកទុក្ខ ដល់ក្រុមគ្រួសារសពផងដែរ៕