ក្រុមហ៊ុនកំពូលៗចិន បញ្ចេញប័ណ្ណភាគហ៊ុនតម្លៃ ១៤ពាន់លានដុល្លារ ចំពេលទីផ្សារកំពុងងើបវិញ

អន្តរជាតិ

យោងតាមការចុះផ្សាយពីសារព័ត៌មាន Reuters បានបង្ហាញ ក្រុមហ៊ុនកំពូលៗចិនជាច្រើន បានបញ្ចេញប័ណ្ណភាគហ៊ុនតម្លៃប្រមាណ ១៤ពាន់លានដុល្លារ រយៈពេលជាង ៧ខែនេះ ចំពេលស្ថានភាពទីផ្សារចិនហាក់មានការងើបឡើងវិញជាបណ្ដើរៗ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការបញ្ចេញប័ណ្ណភាគហ៊ុនរបស់ក្រុមហ៊ុនចិន គឺប្រៀបដូចជាការទិញធានារ៉ាប់រងមួយ ដ្បិតប័ណ្ណភាគហ៊ុនទាំងនោះ គឺមានតម្លៃថេរ ហើយទទួលបានអត្រាការប្រាក់ក្នុងកម្រិតទាប ពោលគឺមិនមានការខាតបង់ឡើយ តែមានផលចំណេញតិចតួច និងមានហានិភ័យទាប។

ប័ណ្ណភាគហ៊ុន (Convertible Bonds) របស់ក្រុមហ៊ុនចិន គឺក្ដោបក្ដាប់ចំណែកទីផ្សារសកលលោក ដល់ទៅ ២២% ស្របពេលទិន្នន័យនេះ គឺមានកំណើនដល់ទៅ ១ ៥៨៨% ឯណោះ បើធៀបនឹងឆ្នាំ២០២៣ ដោយកាលពីឆ្នាំទៅ ក្រុមហ៊ុនចិនបញ្ចេញប័ណ្ណភាគហ៊ុនបែបនេះ ត្រឹមតែ ៨៣០លានដុល្លារប៉ុណ្ណោះ។

សូមជម្រាបដែរថា ក្រុមវិនិយោគិន និងក្រុមហ៊ុនធំៗចិនជាច្រើន សុទ្ធតែមានក្ដីរំពឹងទុកខ្ពស់ថា ស្ថានភាពសេដ្ឋកិច្ចចិន នឹងមានស្ថេរភាពឡើងវិញនាពេលឆាប់ៗ ដ្បិតរដ្ឋាភិបាលបានព្យាយាមរិះរកគ្រប់វិធីសាស្ត្រ ដើម្បីស្ដារសេដ្ឋកិច្ចប្រទេសជាតិ ឲ្យឈានដល់ភាពវិជ្ជមាន ដូចមុនពេលកើតមានជំងឺរាតត្បាតកាលពីឆ្នាំ២០១៩៕