រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken គ្រោងនឹងធ្វើដំណើរមកកាន់តំបន់អាស៊ីអាគ្នេយ៍ នៅក្នុងសប្តាហ៍នេះ ដើម្បីពង្រឹងទំនាក់ទំនងកាន់តែស៊ីជម្រៅបន្ថែមជាមួយសម្ព័ន្ធមិត្តយុទ្ធសាស្រ្តរបស់ទីក្រុងវ៉ាស៊ីនតោន ខណ:សហរដ្ឋអាមេរិកព្យាយាមពង្រឹងជំហររបស់ខ្លួនក្នុងតំបន់ទប់ទល់ទៅនឹងឥទ្ធិពលរបស់ចិន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។
បើតាមលោក Daniel Kritenbrink មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសសហរដ្ឋអាមេរិកបាន និយាយថា ក្នុងដំណើររយៈពេល ១០ថ្ងៃ លោក Blinken នឹងធ្វើទស្សនកិច្ចទៅកាន់ប្រទេសវៀតណាម ឡាវ ជប៉ុន ហ្វីលីពីន សិង្ហបុរី និងម៉ុងហ្គោលី ដើម្បីនាំសារបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក ចំពោះសម្ព័ន្ធមិត្តរបស់ខ្លួននៅក្នុងតំបន់។
ទន្ទឹមនឹងនេះ លោក Daniel បានលើកឡើងថា៖”យើងកំពុងធ្វើឲ្យទំនាក់ទំនងទ្វេភាគីរបស់យើងកាន់តែស៊ីជម្រៅ។ យើងកំពុងពង្រីកទំនាក់ទំនងសម្ព័ន្ធមិត្ត និងដៃគូរបស់យើង ដែលឈានដល់កម្រិតខ្ពស់មិនធ្លាប់មានពីមុនមក ហើយយើងនឹងបង្កើនភាពជាដៃគូដើម្បីពង្រឹងទំនាក់ទំនងរវាងគ្នាទៅវិញទៅមក” ។
ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ សហរដ្ឋអាមេរិកបានបង្កើនទំនាក់ទំនងយ៉ាងខ្លាំង ជាមួយបណ្តាប្រទេសមួយចំនួននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាពិសេសប្រទេសដែលជាប់គាំងក្នុងជម្លោះទឹកដី ជាមួយរដ្ឋាភិបាលទីក្រុងប៉េកាំង នៅសមុទ្រចិនខាងត្បូង។
ជម្រាបជូនផងដែរថា ចំពោះដំណើរទស្សនកិច្ចរបស់លោក Blinken នេះ ក៏នឹងរួមបញ្ចូលទាំងការចូលរួមនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន ថ្នាក់រដ្ឋមន្ត្រី នៅប្រទេសឡាវ ដែលជាកន្លែងលោកនឹងត្រូវជួបពិភាក្សាជាមួយភាគីចិន លោក Wang Yi នៅខាងក្រៅកិច្ចប្រជុំនេះផងដែរ៕