មហាសេដ្ឋី លោក Elon Musk បាននិយាយកាលពីថ្ងៃចន្ទ ទី២២ ខែកក្កដាថា ក្រុមហ៊ុន Tesla នឹងចាប់ផ្តើមដាក់មនុស្សយន្តឲ្យចូលទៅបំពេញការងារតូចៗមួយចំនួន នៅក្នុងរោងចក្រ ចាប់ពីឆ្នាំក្រោយទៅ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។
តាមរយ:ការបង្ហោះសារមួយនៅលើបណ្តាញសង្គម X លោក Musk បាននិយាយថា មនុស្សយន្តរបស់ក្រុមហ៊ុន Tesla ដែលមានឈ្មោះថា Optimus នឹងចាប់ផ្តើមដាក់ឲ្យធ្វើការនៅក្នុងក្រុមហ៊ុនសិន មុនពេលចាប់ផ្តើមផលិតសម្រាប់ដាក់លក់នៅលើទីផ្សារ ក្នុងឆ្នាំ២០២៦ ។
មហាសេដ្ឋីលំដាប់កំពូលរូបនេះ ក៏បានបញ្ជាក់បន្ថែមទៀតថា ក្រុមហ៊ុន Tesla នឹងផលិតមនុស្សយន្តក្នុងចំនួនតិចសិន ដើម្បីដាក់ឲ្យធ្វើការនៅក្នុងរោងចក្ររបស់ខ្លួន នៅឆ្នាំក្រោយ ហើយសង្ឃឹមថានឹងអាចផលិតឲ្យបានកាន់ច្រើនសម្រាប់ដាក់លក់ ឲ្យទៅក្រុមហ៊ុនផ្សេងៗទៀត នៅចុងឆ្នាំ២០២៥ ខាងមុខ។
ជម្រាបជូនផងដែរថា លោក Musk ក្នុងរយៈពេលចុងក្រោយនេះ បានផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំងលើបញ្ញាសិប្បនិម្មិត កម្មវិធីបើកបរស្វ័យប្រវត្តិ និងរ៉ូបូតជាដើម ដោយកាលពីក្នុងខែកញ្ញា ឆ្នាំ២០២២ ក្រុមហ៊ុន Tesla បានដាក់បង្ហាញមនុស្សយន្ត Optimus ជំនាន់ដំបូងបំផុតរបស់ខ្លួនដែលមានឈ្មោះថា Bumblebee។ ហើយសម្រាប់ឆ្នាំ២០២៤ នេះ ក្រុមហ៊ុនក៏បានដាក់បង្ហាញនូវមនុស្សយន្តជំនាន់ថ្មីមួយផ្សេងទៀត ដែលកាន់តែមានសមត្ថភាពពិសេសឡើង៕