ស្ថាបនិកក្រុមហ៊ុន Kakao Corp មហាសេដ្ឋី Brian Kim ត្រូវបានអាជ្ញាធរកូរ៉េខាងត្បូងឃាត់ខ្លួន ពីបទចោទប្រកាន់ទាក់ទងនឹងករណីបន្លំទិន្នន័យផ្សារហ៊ុន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Bloomberg។

តុលាការក្រុងសេអ៊ូលសង្កាត់ខាងត្បូង បានសម្រេចចិត្តឃុំខ្លួនមហាសេដ្ឋីវ័យ ៥៨ឆ្នាំភ្លាមៗទាំងកណ្ដាលអធ្រាត បន្ទាប់ពីពិភាក្សាគ្នាអស់រយៈពេលជាច្រើនម៉ោង និងបានបង្ហើបថា មានការព្រួយបារម្ភពីការបំផ្លាញភ័ស្តុតាង និងការរត់ចេញទៅក្រៅប្រទេស។
គួររំលឹកបន្តិចថា មហាសេដ្ឋីដែលរកស៊ីពីបាតដៃទទេរូបនេះ ត្រូវបានតុលាការចោទប្រកាន់ថា បានបន្លំទិន្នន័យផ្សារហ៊ុន ដើម្បីឲ្យក្រុមហ៊ុន Kakao អាចទិញភាគហ៊ុនក្នុងក្រុមហ៊ុន SM Entertainment និងក្លាយជាម្ចាស់ភាគហ៊ុនធំកាលពីឆ្នាំ២០២៣។
សូមជម្រាបបន្ថែមថា បន្ទាប់ពីដំណឹងនៃការចាប់ខ្លួនមហាសេដ្ឋី មានទ្រព្យសម្បត្តិជាង ៣ពាន់លានដុល្លាររូបនេះហើយ តម្លៃហ៊ុនរបស់ក្រុមហ៊ុន Kakao មានការថយចុះជាខ្លាំង រហូតដល់ជិត ៣% ខណៈម្ចាស់ភាគហ៊ុនធំៗជាច្រើនកំពុងមានការព្រួយបារម្ភពីដំណឹងមួយនេះ៕