ក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិកធំបំផុតនៅតៃវ៉ាន់ Foxconn កំពុងត្រៀមលុយ ១ពាន់លានយ៉ន់ ឬប្រហែល ១៣៨លានដុល្លារ ដើម្បីសាងសង់ទីស្នាក់ការកណ្ដាលថ្មី នៅក្នុងខេត្ត Zhengzhou ប្រទេសចិន។

យោងតាមការចុះផ្សាយពីសារព័ត៌មាន Reuters បានបង្ហាញថា ក្រុមហ៊ុនតៃវ៉ាន់នេះ បានចុះកិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាលក្រុងហឺណាន សម្រាប់ផែនការខាងលើ ដែលនឹងត្រូវសាងសង់លើផ្ទៃដីប្រហែល ២៨៣ហិកតា។
គួររំលឹកបន្តិចថា គម្រោងការសាងសង់ទីស្នាក់ការកណ្ដាលនេះ គឺត្រូវបានបង្ហើបតាំងពីខែមេសាម៉្លេះ ខណៈទីតាំងថ្មីរបស់ Foxconn នឹងផ្ដោតសំខាន់លើការស្រាវជ្រាវបច្ចេកវិទ្យាថ្មីៗ ដូចជាបច្ចេកវិទ្យា AI និងបន្ទះឈីបជាដើម។
សូមជម្រាបបន្ថែមថា ក្រុមហ៊ុន Foxconn មានដៃគូសហការធំៗជាច្រើនដូចជា Apple និង Nvidia ដ្បិតក្រុមហ៊ុនមួយនេះជំនាញលើការដំឡើងគ្រឿងបង្គុំ ស្របពេលបច្ចុប្បន្នផលិតផលបន្ទះឈីប AI កំពុងមានទីផ្សារខ្ពស់ ធ្វើឲ្យក្រុមហ៊ុនត្រូវតែបង្កើនសមត្ថភាពដំឡើងរបស់ខ្លួនមួយកម្រិតទៀត៕