ប្រធានទីភ្នាក់ងារសេវាសម្ងាត់អាមេរិក ប្រកាសលាឈប់ពីតំណែង ក្រោយបរាជ័យការពារលោក ត្រាំ

អន្តរជាតិ

ប្រធានទីភ្នាក់ងារសេវាសម្ងាត់អាមេរិក លោកស្រី Kimberly Cheatle កាលពីថ្ងៃអង្គារ ទី២៣ ខែកក្កដាកន្លងទៅ បានប្រកាសលាលែងពីតំណែងរបស់ខ្លួន បន្ទាប់ពីបរាជ័យការពារលោក ដូណាល់ ត្រាំ ពីហេតុការបាញ់ប្រហារមួយ នៅរដ្ឋ Pennsylvania កាលពីថ្ងៃទី១៣ ខែកក្កដា។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AP។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកស្រី Kimberly ដែលបានបម្រើការជាប្រធានទីភ្នាក់ងារសេវាសម្ងាត់អាមេរិក ចាប់តាំងពីខែសីហា ឆ្នាំ២០២២ មកនោះ បានប្រឈមមុខទៅនឹងការរិះគន់យ៉ាងខ្លាំង រហូតឈានដល់ការស្នើឲ្យលាលែងចេញពីតំណែង ជុំវិញការ​អសមត្ថភាព​ដែលបណ្តោយឲ្យខ្មាន់កាំភ្លើងម្នាក់ អាចចូលទៅជិតបេក្ខជនប្រធានាធិបតីរបស់គណបក្សសាធារណរដ្ឋ នៅឯការប្រមូលផ្តុំយុទ្ធនាការស្វែងរកសម្លេងឆ្នោតបាន។

ដោយមានការរិះគន់ខ្លាំងៗបែបនេះ លោកស្រី Kimberly​បានសម្រេចចិត្តដាក់លិខិតលាលែងពីតំណែង ទៅកាន់សភាអាមេរិក និងថែមទាំងបានទទួលខុសត្រូវទាំងស្រុង ចំពោះការចន្លោះប្រហោងផ្នែកសន្តិសុខទៅលើករណីនេះ។

ជម្រាបជូនផងដែរថា ក្រោយការលែងលាពីតំណែងរបស់លោកស្រី Kimberly នេះ លោក Ronald Rowe ដែលជាអនុប្រធានទីភ្នាក់ងារសេវាសម្ងាត់ នឹងឡើងកាន់តំណែងជាប្រធានបណ្តោះអាសន្ន ខណ:ពេលដែលលោកមានបទ​ពិសោធ​ធ្វើការឲ្យទីភ្នាក់ងារនេះអស់រយៈពេល ២៣ឆ្នាំ៕