នៅថ្ងៃទី២២ ខែកក្កដាកន្លងទៅ លោក Awang Bemee Awang Ali Basah ត្រូវបានតែងតាំងជាប្រធានព្រឹទ្ធសភាទី២១ នៃប្រទេសម៉ាឡេស៊ី បន្តពីសមាជិកព្រឹទ្ធសភា លោក Mutang Tagal ដែលបានទទួលមរណភាព កាលពីថ្ងៃទី១០ ខែឧសភា ដោយសារជំងឺបេះដូង។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA។
លោក Awang Bemee គឺជាបេក្ខភាពតែម្នាក់គត់សម្រាប់តំណែងជាប្រធានព្រឹទ្ធសភាដែលត្រូវបានជ្រើសរើសដោយនាយករដ្ឋមន្ត្រី លោក Anwar Ibrahim ក្នុងអំឡុងសម័យប្រជុំសភាលើកទី១៥។
គួរឲ្យដឹងផងដែរថា លោក Awang Bemee បានស្បថចូលកាន់តំណែងជាសមាជិកព្រឹទ្ធសភា នៅថ្ងៃទី១៥ ខែកក្កដា នៅចំពោះមុខអនុប្រធានព្រឹទ្ធសភា លោក Nur Jazlan Mohamed មុនពេលទទួលការយល់ព្រមពីព្រះមហាក្សត្រសម្រាប់អាណត្តិជាប្រធានព្រឹទ្ធសភារបស់លោក ដែលនឹងដំណើរការរហូតដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៧ ។
នៅក្នុងសុន្ទរកថា ប្រធានព្រឹទ្ធសភាដែលទើបតែងតាំងថ្មីរូបនេះ បានសន្យាអំពីភក្តីភាពរបស់លោកចំពោះប្រទេសម៉ាឡេស៊ី ហើយប្តេជ្ញាចិត្តក្នុងការរក្សា និងការពាររដ្ឋធម្មនុញ្ញរបស់ប្រទេស។
ជម្រាបជូនផងដែរថា លោក Awang Bemee ធ្លាប់ឈរឈ្មោះតំណាងឲ្យមណ្ឌលបោះឆ្នោត Nangka ក្នុងរដ្ឋ Sarawak សម្រាប់បីអាណត្តិជាប់គ្នា ពីឆ្នាំ១៩៩៦ ដល់ឆ្នាំ២០១១ ហើយលោកក៏ជាមេធាវីដែលមានបទពិសោធខ្ពស់មួយរូបផងដែរ ដោយបានដោះស្រាយរឿងក្តីរដ្ឋប្បវេណី និងព្រហ្មទណ្ឌជាច្រើន៕