ក្រុមហ៊ុនផលិតរថយន្ត Honda Motor របស់ប្រទេសជប៉ុន បានប្រកាសកាលនៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែកក្កដានេះថា ខ្លួននឹងបិទដំណើរការរោងចក្រធំមួយ នៅក្នុងប្រទេសចិន ដោយសារតែចង់ងាកមកផ្តោតលើការផលិតរថយន្តអគ្គិសនីបន្ថែមទៀត ចំពេលមានការប្រកួតប្រជែងខ្លាំងពីម៉ាកយីហោរបស់ចិន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។
យោងតាមអ្នកនាំពាក្យរបស់ក្រុមហ៊ុន បាននិយាយថា Honda នឹងបិទរោងចក្រមួយដែលដំណើរតាមរយ:ការបណ្តាក់ទុនរួមគ្នា ជាមួយក្រុមហ៊ុនផលិតរថយន្តរបស់រដ្ឋចិន Guangzhou Automobile Group នៅក្នុងខែតុលាខាងមុខ។
គួរឲ្យដឹងថា រោងចក្រដែលនឹងត្រូវបិទនេះ កន្លងមកផ្តោតតែលើការផលិតរថយន្តម៉ូដែល Accord sedan ហើយមានសមត្ថភាពផលិតរថយន្តប្រចាំឆ្នាំក្នុងចំនួន ៥ម៉ឺនគ្រឿង និងបានបើកដំណើរការមករយ:ពេលជិតពីរទសវត្សរ៍មកហើយ។
អ្នកនាំពាក្យរបស់ក្រុមហ៊ុន បានបញ្ជាក់ទៀតថា Honda ក៏នឹងផ្អាកការផលិតនៅរោងចក្ររបស់ខ្លួនមួយផ្សេងទៀត នៅក្នុងប្រទេសចិន ដែលជាការបណ្តាក់ទុនរួមគ្នាជាមួយក្រុមហ៊ុន Dongfeng ចាប់ពីខែវិច្ឆិកាទៅ ខណ:ទីតាំងនេះមានសមត្ថភាពផលិតរថយន្តប្រចាំឆ្នាំ បានចំនួន ២៤ម៉ឺនគ្រឿង។
ជម្រាបជូនថា ក្រុមហ៊ុន Honda កំពុងព្យាយាមស្វែងរកការបង្កើនទិន្នផលផលិតរបស់ខ្លួន នៅក្នុងប្រទេសចិនជាមួយនឹងការផ្លាស់ប្តូរជាច្រើន ខណ:អ្នកនាំពាក្យបាននិយាយថា ក្រុមហ៊ុនខ្លួនបានប្រឈមមុខនឹងលក្ខខណ្ឌដ៏លំបាកតាមរយ:ការប្រកួតប្រជែងខ្ពស់ នៅក្នុងទីផ្សាររថយន្តចិន ដែលជាទីផ្សាររថយន្តដ៏ធំបំផុតរបស់ពិភពលោក៕