មហាសេដ្ឋីបារាំង Bernard Arnault បានរបូតលុយអស់ច្រើនបំផុត ក្នុងរយៈពេលជិត ៨ខែដំបូងក្នុងឆ្នាំ២០២៤នេះ បើសិនជាធៀបនឹងមហាសេដ្ឋីផ្សេងៗទូទាំងសកលលោក។ នេះបើតាមការចុះផ្សាយពីគេហទំព័រ Bloomberg។

មេធំក្រុមហ៊ុន LVMH បានរបូតទ្រព្យសម្បត្តិអស់ប្រហែល ២០ពាន់លានដុល្លារ និងបានធ្វើឲ្យរូបលោកបាត់បង់តំណែង ជាកំពូលអ្នកមានបំផុតលើលោកថែមទៀត ដោយបច្ចុប្បន្ននេះ លោកស្ថិតនៅលេខរៀងទី០៣ ក្នុងបញ្ជីឈ្មោះកំពូលមហាសេដ្ឋីមានលុយច្រើនបំផុត។
មូលហេតុធំបំផុតមួយ ដែលធ្វើឲ្យទ្រព្យសម្បត្តិរបស់មហាសេដ្ឋីបារាំងរូបនេះ មានការបាត់បង់អស់ច្រើនសន្ធឺក គឺដោយសារអត្រាលក់របស់ក្រុមហ៊ុន LVMH នៅប្រទេសចិន មានការថយចុះ ស្របពេលតម្លៃហ៊ុនរបស់ក្រុមហ៊ុនខ្នាតយក្សមួយនេះ មានការធ្លាក់ចុះជាបន្តបន្ទាប់។
សូមជម្រាបដែរថា បច្ចុប្បន្ន លោក Bernard Arnault គឺជាកំពូលមហាសេដ្ឋីមានបំផុតលើលោកទី០៣ ដោយមានទ្រព្យសម្បត្តិប្រហែល ១៨៣ពាន់លានដុល្លារ៕