ក្រុមហ៊ុនរថយន្តកំពូលរបស់ប្រទេសជប៉ុន Toyota Motor គ្រោងនឹងសាងសង់រោងចក្រអាគុយថ្មីមួយ ស្ថិតនៅភាគនិរតីទីក្រុង Fukuoka ដើម្បីផ្គត់ផ្គង់ទៅដល់រោងចក្រផលិតរថយន្តអគ្គិសនី Lexus ដែលជាម៉ាកយីហោដ៏ប្រណីតរបស់ខ្លួន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។
ប្រភពខាងលើ បានបង្ហាញឲ្យដឹងទៀតថា ក្រុមហ៊ុនផលិតរថយន្តដែលលក់ដាច់បំផុតរបស់ពិភពលោកមួយនេះ គ្រោងនឹងជ្រើសរើសយកកោះ Kyushu ជាទីតាំងសាងសង់រោងចក្រអាគុយថ្មីរបស់ខ្លួន ដោយសារតែតំបន់នេះស្ថិតនៅផ្នែកកណ្តាលនៃខ្សែសង្វាក់ផ្គត់ផ្គង់ដ៏ធំរបស់ខ្លួន ទាំងរថយន្តដែលប្រើថាមពលអគ្គិសនី និងជាមូលដ្ឋាននាំចេញសម្រាប់ទីផ្សារអាស៊ីទាំងមូល។
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ចំពោះចំនួនទឹកប្រាក់ដែលក្រុមហ៊ុន Toyota នឹងត្រូវចំណាយលើរោងចក្រអាគុយថ្មីនេះ និងកាលបរិច្ឆេទនៃការចាប់ផ្តើមសាងសង់ នៅមិនទាន់ត្រូវបានទម្លាយឲ្យដឹងនៅឡើយនោះទេ។
បើតាមសារព័ត៌មាន Nikkei បានឲ្យដឹងថារោងចក្រនេះ នឹងដំណើរការរួមគ្នាដោយក្រុមហ៊ុន Primearth EV Energy ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធមួយផ្សេងទៀតរបស់ Toyota ដែលមានជំនាញក្នុងការផលិតអាគុយសម្រាប់រថយន្តកូនកាត់ Hybrids, Plug-in hybrid និងរថយន្តថាមពលអាគុយសុទ្ធ។
ជម្រាបជូនថា ក្រុមហ៊ុន Toyota ក្នុងរយ:ពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បាននិងកំពុងចាប់ផ្តើមគំនិតផ្តួចផ្តើមផ្សេងៗ ដើម្បីពង្រឹងសមត្ថភាពកក្នុងការផលិតអាគុយរថយន្ត EV របស់ខ្លួន ខណ:ពួកគេកំពុងកំណត់គោលដៅលក់រថយន្ត EV ឲ្យបានចំនួន ៣,៥ លានគ្រឿងក្នុងមួយឆ្នាំ នៅឆ្នាំ២០៣០ ខាងមុខ៕