វៀតណាម រំពឹងកើបចំណូលបាន ៥ពាន់លានដុល្លារ ពីការនាំចេញអង្ករ នៅឆ្នាំ២០២៤នេះ

អន្តរជាតិ

រដ្ឋាភិបាលវៀតណាម បានដាក់ក្តីរំពឹងទុកខ្ពស់ថា ការនាំចេញអង្កររបស់ខ្លួនអាចនឹងរកចំណូលបាន ៥ពាន់លានដុល្លារ នៅឆ្នាំ២០២៤នេះ ប្រសិនអាចរក្សាបាននូវសន្ទុះនៃការនាំចេញបានដូចពេលបច្ចុប្បន្ននេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អង្កររបស់វៀតណាម នៅតែមានឱកាសជាច្រើន សម្រាប់ការនាំចេញបន្ថែមទៀត ដោយសារតែមានតម្រូវការខ្លាំង ពីប្រទេសនំាចូលអង្ករធំៗ ដូចជាហ្វីលីពីន ឥណ្ឌូណេស៊ី ចិន និងអាហ្វ្រិក ជាដើម។

ទន្ទឹមនឹងនេះ យោងតាមក្រសួងកសិកម្ម និងអភិវឌ្ឍជនបទ (MARD) របស់វៀតណាម បានបង្ហាញឲ្យដឹងថា ឥណ្ឌូណេស៊ី បាននាំចូលអង្កររបស់ខ្លួនសរុបចំនួន ២,២ លានតោនក្នុងរយៈពេល ៥ខែដំបូងនៃឆ្នាំ២០២៤ ហើយពួកគេក៏គ្រោងនឹងនាំចូលចំនួន ២,១លានតោនបន្ថែម ចាប់ពីខែមិថុនា ដល់ខែធ្នូ។

បើតាមលោក Vu Tuan Anh នាយកប្រតិបត្តិនៃក្រុមហ៊ុននាំចេញអង្ករ GLE បានចែករំលែកថា ឥណ្ឌូណេស៊ី នៅតែអាចនាំចូលអង្ករបានដល់ទៅ ៤,៣ លានតោន ក្នុងឆ្នាំ២០២៤ នេះ ប្រសិនបើទិន្នផលដំណាំរបស់ពួកគេបន្តធ្លាក់ចុះលើសពីការរំពឹងទុក ដោយសារគ្រោះរាំងស្ងួត ទឹកជំនន់ ឬសត្វល្អិតបំផ្លាញ ហើយនេះគឺជាឱកាសដ៏ធំ សម្រាប់ប្រទេសអ្នកនាំចេញអង្ករ ដូចជាវៀតណាម។

លោក Vu Tuan Anh បានបន្ថែមទៀតថា ក្រៅពីនេះ ក៏មានឱកាសល្អក្នុងការនាំចេញអង្ករទៅកាន់ប្រទេសហ្វីលីពីន ផងដែរ ដោយពួកគេបាននាំចូលអង្ករពីប្រទេសវៀតណាម ជាង ១,៧ លានតោន រួចទៅហើយ ក្នុងរយៈពេល ៦ខែដំបូងនៃឆ្នាំនេះ ហើយតម្រូវការនេះ ត្រូវបានព្យាករថានឹងនៅថេរ សម្រាប់ខែដែលនៅសេសសល់ក្នុងឆ្នាំនេះ។

ជម្រាបជូនថា យោងតាមទិន្នន័យ​របស់​គយ​វៀតណាម​ បាន​បង្ហាញ​ថា ចាប់​តាំង​ពី​ដើម​ឆ្នាំ រហូត​ដល់​ពាក់​កណ្ដាល​ខែ​កក្កដា វៀតណាម​បាន​នាំ​ចេញ​អង្ករ​ជាង ៤,៨ លាន​តោន ដោយរកចំណូលបានជិត ៣,១ពាន់​លាន​ដុល្លារ៕