លោក Nayel Nassar ដែលត្រូវបានគេស្គាល់ថាជាកូនប្រសាររបស់សហស្ថាបនិកក្រុមហ៊ុន Microsoft លោក Bill Gates និងអ្នកនាង Jessica ដែលជាកូនស្រីរបស់មហាសេដ្ឋីប្រេង លោក Terrence Pegula សុទ្ធតែស្ថិតនៅក្នុងចំណោមកូនៗរបស់មហាសេដ្ឋីកំពូលៗពិភពលោក ដែលបានចូលរួមតំណាងជាតិរបស់ខ្លួន ក្នុងការប្រកួតកីឡាអូឡាំពិក នៅទីក្រុងប៉ារីស ប្រទេសបារាំងឆ្នាំនេះ។
យោងតាមសារព័ត៌មាន Business Insider បានបង្ហាញឲ្យដឹងថា លោក Nassar ដែលបានរៀបការជាមួយកូនស្រីច្បងរបស់ លោក Bill Gates គឺអ្នកនាង Jennifer នឹងបង្ហាញខ្លួនក្នុងការប្រកួតកីឡាអូឡាំពិកជាលើកទីពីររបស់ខ្លួន នៅឆ្នាំ២០២៤នេះ សម្រាប់ប្រភេទកីឡាជិះសេះ។
ទន្ទឹមនឹងនេះ អ្នកនាង Jessica Pegula ដែលជាកូនស្រីរបស់មហាសេដ្ឋីប្រេង ក៏នឹងបង្ហាញវត្តមាននៅក្នុងការប្រកួតកីឡាអូឡាំពិកជាថ្មីរបស់ខ្លួនផងដែរ ដោយតំណាងឲ្យក្រុមជម្រើសជាតិអាមេរិក ក្នុងប្រភេទកីឡាវាយកូនបាល់។
អ្នកនាង Jessica គឺជាកូនស្រីរបស់ លោក Terrence Pegula និងលោកស្រី Kim Pegula ដែលជាស្ថាបនិកក្រុមហ៊ុនប្រេង និងឧស្ម័ន East Resources ។ ហើយតាមការប៉ាន់ស្មានដោយទស្សនាវដ្តី Forbes លោក Terrence ត្រូវបានគេដឹងថាមានទ្រព្យសម្បត្តិសរុប ៦,៨ពាន់លានដុល្លារ គិតត្រឹមថ្ងៃទី២៦ ខែកក្កដា។
ដោយឡែកអ្នកនាង Emma Navarro ក៏ជាកូនស្រីរបស់មហាសេដ្ឋីកំពូលមួយផ្សេងទៀត ដែលនឹងតំណាងឲ្យក្រុមជម្រើសជាតិអាមេរិក នៅក្នុងប្រភេទកីឡាវាយកូនបាល់ សម្រាប់ការប្រកួតអូឡាំពិក នៅឆ្នាំនេះ ផងដែរ។
អ្នកនាង Emma គឺជាកូនស្រីរបស់លោក Ben Navarro ដែលជាអតីតអនុប្រធានក្រុមហ៊ុន Citigroup និងជាស្ថាបនិកក្រុមហ៊ុន Sherman Financial Group ផងដែរ ខណ:ទ្រព្យសម្បត្តិសរុបរបស់លោក ត្រូវបានដឹងថាមានចំនួន ១,៥ពាន់លានដុល្លារ គិតត្រឹមថ្ងៃទី២៦ ខែកក្កដា៕