ថៃ ទទួលភ្ញៀវទេសចរបរទេសសរុបជាង ២០ លាននាក់ ត្រឹម ៧ខែដំបូងឆ្នាំ២០២៤នេះ

អន្តរជាតិ

នាយករដ្ឋមន្ត្រីថៃ លោក Srettha Thavisin បានបង្ហើបប្រាប់ឲ្យដឹងថា គិតចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំនេះ ប្រទេសថៃ បានទទួលស្វាគមន៍ភ្ញៀវទេសចរបរទេសសរុបជាង ២០ លាននាក់ ពោលគឺបានកើនឡើង ៣៤% បើធៀបទៅនឹងរយ:ពេលដូចគ្នា កាលពីឆ្នាំមុន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមការបង្ហោះសារមួយនៅលើបណ្តាញសង្គមនាពេលថ្មីៗនេះ លោក Srettha បានធ្វើការវាយតម្លៃខ្ពស់ទៅលើកិច្ចខិតខំប្រឹងប្រែងរបស់ភាគីពាក់ព័ន្ធ និងវិស័យនានា សម្រាប់ការជួយជំរុញលើវិធានការប្រកបដោយប្រសិទ្ធភាពជាច្រើន រួមទាំងការធ្វើដំណើរដោយគ្មានទិដ្ឋាការ ការបង្កើនជើងហោះហើរកាន់តែច្រើន ការបង្កើតមជ្ឈមណ្ឌលអាកាសចរណ៍ និងការកែលម្អតំបន់ទេសចរណ៍ផ្សេង ដែលបានបង្កើនភ្ញៀវទេសចរកាន់តែច្រើន។

ជាមួយគ្នានេះ លោកក៏បានសង្កត់ធ្ងន់ទៀតផងដែរថា អាជ្ញាធរទេសចរណ៍ថៃ (TAT) ក៏កំពុងរៀបចំសកម្មភាពជាច្រើន ដើម្បីបន្តទាក់ទាញភ្ញៀវទេសចរមកពីបណ្តាប្រទេសផ្សេងៗបន្ថែមទៀត ជារៀងរាល់ខែ។

ជម្រាបជូនថា បើតាមទិន្នន័យពីក្រសួងទេសចរណ៍ និងកីឡារបស់ប្រទេសថៃ បានបង្ហាញថា ក្នុងអំឡុងរយ:ពេល ៧ខែកន្លងមកនេះ ប្រទេសថៃបានបម្រើភ្ញៀវទេសចរសរុបជាង ៣០ លាននាក់ ដោយក្នុងនោះភ្ញៀវទេសចរបរទេសមានជាង ២០ លាននាក់ ខណ:ប្រទេសចិន ជាប់ចំណាត់ថ្នាក់លេខ១ តាមពីក្រោយដោយម៉ាឡេស៊ី ​, ឥណ្ឌា , កូរ៉េខាងត្បូង , រុស្ស៊ី និងឡាវ៕