ក្រុមហ៊ុន Toyota Motor Corp បានប្រកាសនាថ្ងៃទី៣០ ខែកក្កដាថា ពួកគេបានក្លាយជាក្រុមហ៊ុនលក់រថយន្តបានច្រើនបំផុតទូទាំងសកលលោក រយៈពេលកន្លះឆ្នាំដំបូង នៃឆ្នាំ២០២៤នេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Bangkokpost។
រយៈពេលពីខែមករា រហូតដល់ខែមិថុនា ក្រុមហ៊ុន Toyota លក់រថយន្តបានរហូតដល់ជាង ៥លានគ្រឿង ច្រើនជាងក្រុមហ៊ុនគូប្រជែង Volkswagen ដែលលក់បានត្រឹម ៤,៣លានគ្រឿង និងបានរក្សាតំណែងជាក្រុមហ៊ុនលក់រថយន្តបានច្រើនបំផុត រយៈពេល ៥ឆ្នាំជាប់ៗគ្នា។
បើទោះជាឆមាសទីមួយនៃឆ្នាំនេះ Toyota លក់រថយន្តបានច្រើនបំផុតក៏ពិតមែន តែបើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន អត្រាលក់របស់ពួកគេបែរជាមានការថយចុះ ប្រហែល ៩,៨% ទៅវិញ។
មូលហេតុដែលអត្រាលក់របស់ Toyota មានការថយចុះបែបនេះ គឺដោយសារស្ថានភាពទីផ្សាររថយន្តនៅប្រទេសចិន មិនអំណោយផលដល់ក្រុមហ៊ុនជប៉ុននេះ ដ្បិតរថយន្តផលិតនៅប្រទេសចិន កំពុងមានការប្រកួតប្រជែងខ្ពស់ ទាំងតម្លៃ និងគុណភាព៕