ក្រុមហ៊ុន Temasek របស់រដ្ឋាភិបាលសិង្ហបុរី គ្រោងនឹងបោះទុនរហូត ៣០ពាន់លានដុល្លារ បន្ថែម ក្នុងរយ:ពេល ៥ឆ្នាំខាងមុខ នៅក្នុងទឹកដីសហរដ្ឋអាមេរិក ដើម្បីវិនិយោគនៅក្នុងវិស័យសំខាន់ៗដូចជា សេវាថែទាំសុខភាព សេវាហិរញ្ញវត្ថុ និងបច្ចេកវិទ្យា។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។
ជុំវិញការសម្រេចចិត្តវិនិយោគនេះ បានកើតឡើងបន្ទាប់ពីក្រុមហ៊ុន Temasek មើលឃើញថាសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក បានកើនឡើងលឿនជាងការរំពឹងទុក នៅក្នុងត្រីមាសទី២ ខណ:ពេលដែលក្រុមហ៊ុន ក៏បានចាប់អារម្មណ៍ជាពិសេស លើផ្នែកដែលទាក់ទងនឹងបញ្ញាសិប្បនិម្មិត ដូចជាមជ្ឈមណ្ឌលផ្ទុកទិន្នន័យ ឧបករណ៍អេឡិចត្រូនិក និងកន្លែងផ្ទុកថ្ម ដែលកំពុងរីកចម្រើនខ្លាំង ផងដែរ។
ផ្ទុយទៅវិញ សម្រាប់ប្រទេសចិនវិញ បានរាយការណ៍ពីកំណើនខ្សោយជាងការរំពឹងទុក កាលពីដើមខែនេះ ហើយបានធ្វើឲ្យទីផ្សារមានភ្ញាក់ផ្អើលខ្លាំង ជាមួយនឹងកាត់បន្ថយអត្រាការប្រាក់រយៈពេលខ្លី និងរយៈពេលវែង ក្នុងគោលបំណងជំរុញសេដ្ឋកិច្ចរបស់ខ្លួន ដែលជាហេតុធ្វើឲ្យក្រុមហ៊ុន Temasek កំពុងមានការប្រុងប្រយ័ត្នខ្ពស់ចំពោះប្រទេសចិន ចំពេលមានភាពតានតឹងពាណិជ្ជកម្មកាន់តែខ្លាំង ផងដែរ។
គួរឲ្យដឹងផងដែរថា ប្រហែល ២២% ឬ ៦៣ពាន់លានដុល្លារ នៃការវិនិយោគសរុបរបស់ក្រុមហ៊ុន Temasek គឺស្ថិតនៅទឹកដីអាមេរិក និង ១៩% នៅក្នុងប្រទេសចិន។ ទំហំនៃការវិនិយោគរបស់ Temasek ទៅកាន់ទ្វីបអាមេរិក បានវ៉ាដាច់ប្រទេសចិន គិតក្នុងឆ្នាំហិរញ្ញវត្ថុចុងក្រោយនេះ ហើយក៏ជាលើកដំបូងផងដែរ ក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយ។