កាលពីថ្ងៃទី៣០ ខែកក្កដា ក្រុមហ៊ុន Meta Platforms បានយល់ព្រមបង់ប្រាក់ពិន័យ ១,៤ពាន់លានដុល្លារ ទៅកាន់អាជ្ញាធររដ្ឋតិចសាស់ ជុំវិញការចោទប្រកាន់ថា ពួកគេបានប្រមូលទិន្នន័យពីអ្នកប្រើប្រាស់កម្មវិធី Facebook ដោយគ្មានការអនុញ្ញាត តាមរយៈកម្មវិធីស្កេនមុខ។

យោងតាមការចុះផ្សាយពីគេហទំព័រ Reuters បានឲ្យដឹងថា ពាក្យបណ្ដឹងនេះ ត្រូវបានធ្វើឡើងតាំងពីឆ្នាំ២០២២ ហើយអាជ្ញាធររដ្ឋតិចសាស់បានចោទប្រកាន់ Facebook ថា បានលួចប្រមូលទិន្នន័យប្រជាជនជាច្រើនពាន់ដង តាមរយៈការបង្ហោះរូបភាពលើបណ្ដាញសង្គម។
ជុំវិញករណីមួយនេះ អ្នកនាំពាក្យក្រុមហ៊ុន Meta បាននិយាយថា ក្រុមហ៊ុនរបស់មហាសេដ្ឋី Mark Zuckerberg ពិតជារីករាយសហការជាមួយអាជ្ញាធររដ្ឋតិចសាស់ ដើម្បីអាចបង្កើតឱកាសវិនិយោគ ឲ្យកាន់តែច្រើននៅទីនោះ ជាពិសេសគឺចង់បង្កើតមជ្ឈមណ្ឌលទិន្នន័យតែម្ដង ក៏ប៉ុន្តែពួកគេមិនទទួលស្គាល់កំហុស ដូចការចោទប្រកាន់ខាងលើឡើយ បើទោះជាយល់ព្រមបង់ប្រាក់ពិន័យជាង ១ពាន់លានដុល្លារក្ដី៕